ខេត្តព្រះសីហនុ៖ រថយន្ត៣គ្រឿងបានបុកគ្នាបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៣រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង៣គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ ក្នុងនោះរថយន្តទី១ជារថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3F-0194 អ្នកបើកបរ ឈ្មោះ លាង ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត(រងរបួសស្រាល)។ រថយន្តទី២ ម៉ាកហ៊ីណូពាក់ស្លាកលេខភ្នំពេញ 3A-1307 អ្នកបើកបរឈ្មោះ កង ង៉ែត ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិគិរីវ័ន ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រងរបួសស្រាល)។ រថយន្តទី៣ ម៉ាកHUMER ពាក់ស្លាកលេខភ្នំពេញ 2BS-0015 អ្នកបើកបរ ឈ្មោះ ថាំង គួហួយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន (រងរបួសធ្ងន់) និងមានអ្នករួមដំណើរក្នុងរថយន្តទី៣នេះជាជនជាតិចិនប្រុសស្រីចំនួន២នាក់ទៀត( មិនស្គាល់ឈ្មោះ) រងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចម្រុះបានចេញធ្វើអន្តរាគមន៍បញ្ជូនជនរងគ្រោះ ទាំង៥នាក់ទៅសង្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណែករថយន្តទាំងបីគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕
ដោយ៖ជ្រោយពេជ្រ