ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តគេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បើករថយន្ត​លឿន គេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយព្យាយាម​បើកគេចខ្លួនតែ​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​វិញ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើង​នៅវេលាម៉ោង៦​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលេខ២៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញបុរសម្នាក់បើក​រថយន្តតូយ៉ូតាព្រូស ​ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9346 តាម​បណ្តោយ​ផ្លូវលេខ២៧១ក្នុងទិសដៅ​ពី​លិច​ទៅកើត​ក្នុង​ល្បឿន​លឿន ខ​ណៈមកដល់​ចំណុចកើតហេតុបានគេចពីម៉ូតូសណ្តោងរ៉ឺម៉កក៏​ជ្រុល​ទៅបុក​របាំងថ្មពុះចែកទ្រូងផ្លូវបណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ ហើយម្ចាស់រថយន្តបានព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់បាន​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះមិនមាន​ប៉ះពាល់​ទៅលើ​អ្នកដំណើរដទៃ​ទៀតនោះទេ គឺគ្រាន់តែរង​ការខូចខាត​រថយន្ត​និង​បាក់​របាំងថ្មពុះចែកទ្រូងផ្លូវ​អស់​មួយ​កង់ប៉ុណ្ណោះ។​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការជាមួយនឹងជំនាញចរាចរ​ណ៍ក្រុង បានចុះមក​ស្ទូច​យក​រថយន្ត​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ជ្រោយពេជ្រ


ចែករំលែក៖