គិតមកដល់ថ្ងៃត្រង់ថ្ងៃទី១១ខែមករា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានរកឃើញសាកសពអ្នកដំណើរ១៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍Sriwijaya Air កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២១។
សកម្មភាពស្វែងរកសាកសពជនរងគ្រោះបានខិតខំទាំងយប់ទាំងថ្ងៃឲ្យទាន់ពេលវេលា ។ ក្រុមអ្នកសង្គ្រោះឥណ្ឌូនេស៊ីបានឲ្យដឹងថា មកទល់ពេលនេះ ទើបតែរកឃើញសាកសព១៦នាក់ប៉ុណ្ណោះ ហើយនៅពេលនេះមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ។ ក្រុមជំនាញបានខិតខំកំណត់អត្តសញ្ញាណដើម្បីផ្តល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ពេលនេះសាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យ Kramat Jati ភាគខាងកើតទីក្រុងចាការតា ដើម្បីត្រួតពិនិត្យ ADN កំណត់អត្តសញ្ញាណ។ ក្រុមជួយសង្គ្រោះក៏បានរកឃើញបំណែកយន្តហោះជាច្រើនផងដែរ ហើយបញ្ជូនទៅកាន់កំពង់ផែTangjung Priok ដើម្បីស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ ។
អ្នកនេសាទឥណ្ឌូនេស៊ី បានឲ្យដឹងថា គាត់បានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង ក្នុងពេលយន្តហោះធ្លាក់ចូលសមុទ្រ ។ អាកាសយានិកបញ្ជាយន្តហោះដែលជួបគ្រោះថ្នាក់នោះ មានបទពិសោធន៍ ២៧ឆ្នាំក្នុងការបើកបរ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕
ដោយ៖ធី រីណា(រូបភាព៖Achmad lbrahim/AP)