ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន ៖ ប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់

ចែករំលែក៖

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា, ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងរយៈពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងកំណើនថេរជាង ៧% លើកលែងតែក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវីដ-១៩ ស្របពេលដែលកំណើនប្រជាជនចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា,ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។  ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលាពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។ ជាងនេះទៅទៀត ក្រសួងក៏បានគិតគូយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរអំពីលទ្ធភាពពង្រីកនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្រ្ត និងសក្តានុពលក្នុងការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ។ 

ក្នុងឆន្ទ:ចូលរួមលើកកម្ពស់គុណភាពផលិត ប្រសិទ្ធភាពសេដ្ឋកិច្ច ផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ធ្វើការបណ្តុះបណ្តាលស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ (GAP) គោលការណ៍បច្ចេកទេសសរីរាង្គ បចេ្ចកទេសដាំដុះបន្លែទំនើបតាមគោលការណ៍ GAP និងសរីរាង្គ លក្ខណៈទូទៅនៃការគ្រប់គ្រងចម្ការ ការគ្រប់គ្រងធាតុចូលកសិកម្ម ការទប់ស្កាត់ការចម្លងពីកត្តាចង្រៃ និងវិធីសាស្ត្រកំចាត់កត្តាចង្រៃតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ (GAP) និងសរីរាង្គ (CAM-ORGANIC)។ 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (១១/០១/២០២១) បានឲ្យដឹងថានៅ ឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧ ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១ ០៩៩តោន ហើយតាមការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន៕

ដោយ៖សិលា


ចែករំលែក៖