ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! ផ្តល់ថវិកាបន្ថែម៥០០លានរៀល និងជំនួយមួយចំនួនទៀត ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការធ្វើចត្តាឡីស័ករបស់ពលករមកពីថៃ ​​​​

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា,  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ 

ក្រៅពីបន្ថែមថវិកា៥០០លានរៀល សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភជំនួយមួយចំនួនទៀតខេត្តបន្ទាយមានជ័យ ដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺនកេស ដែលថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែង ដឹកជញ្ជូនទៅប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យនៅយប់នេះតែម្តង។ នេះជាការបញ្ជាក់ឲ្យដឹងបន្ថែម ពីលោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន កន្លងទៅក៏បានឧបត្ថម្ភថវិកាយ៉ាងច្រើនឱ្យទៅបណ្ដាខេត្តមួយចំនួន ។ ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។

ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន។

បើតាមការបញ្ជាក់ឲ្យដឹងពី លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការអញ្ជើញចែកអំណោយដល់ពលករកំពុងធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ គឺបញ្ជាក់ថា, នៅខេត្តបន្ទាយមានជ័យមិនពលករប្រមាណជិត ៤០០០ នាក់ បានធ្វើចត្តាឡីស័ក ហើយលោកបានយកចិត្តទុកដាក់ទៅលើពួកគាត់ អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕

ដោយ៖សិលា


ចែករំលែក៖