សកម្មភាពស្វែងរកសាកសព ត្រូវបានផ្អាកនៅថ្ងៃទី១៣ខែមករានេះដោយសារតែអាកាសធាតុអាក្រក់ ។ នៅព្រឹកថ្ងៃទី១៤ ខែមករាស្ថានភាពនឹងល្អប្រសើរជាងមុន ហើយក្រុមជួយសង្គ្រោះនឹងបន្តសកម្មភាពស្វែងរកជាបន្តទៀត។
នៅថ្ងៃទី១៣ខែមករានេះ ក្រុមជួយសង្គ្រោះដែលមានក្រុមមុជទឹកបានផ្អាកសកម្មភាពស្វែងរកប្រអប់ខ្មៅទីពីររបស់យន្តហោះដឹកអ្នកដំណើរ Sriwijaya Air ដែលជួបគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃទី ៩ខែមករា ដោយសារតែអាកាសធាតុអាក្រក់ ។
លោកBagus Puruhito អ្នកទទួលបន្ទុកដឹកនាំសកម្មភាពស្វែងរកជួយសង្គ្រោះយន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ បានលើកឡើងថា អាកាសធាតុអាក្រក់ ភ្លៀងខ្លាំង រលកសមុទ្រធំៗកម្ពស់ជាង ២,៥ម៉ែត្របង្កផលលំបាកដល់ក្រុមជួយសង្គ្រោះ ។ មិនតែប៉ុណ្ណោះមានចុះអ័ព្ទយ៉ាងក្រាស់ពិបាកក្នុងការស្វែងរក។
លោកBagus Puruhito បន្តទៀតថា សកម្មភាពស្វែងរកនឹងត្រូវតភ្ជាប់វិញនៅព្រឹកថ្ងៃទី១៤ខែមករា។ លោកបន្តទៀតថា ក្រុមជួយសង្គ្រោះនឹងរកឃើញប្រអប់ថតសំឡេងក្នុងបន្ទប់ហោះហើរយន្តហោះដែលជួបគ្រោះថ្នាក់។
ជើងហោះហើរ លេខ SJ 182 ហោះហើរចេញពីទីក្រុងចាការតា ទៅកាន់ទីក្រុងPontianak ក្នុងខេត្តWest Kalimantan ក៏ជួបគ្រោះថ្នាក់ ក្រោយហោះហើរបានតែ ៤នាទីប៉ុណ្ណោះ ធ្លាក់ចូលតំបន់សមុទ្រ ។ អ្នកដំណើរនៅលើយន្តហោះទាំង៦២នាក់ស្លាប់ទាំងអស់ ។ យន្តហោះដែលជួបគ្រោះថ្នាក់នោះបានហោះហើររយៈពេល២៧ឆ្នាំកន្លងមកហើយ ៕
ដោយ៖ធី រីណា(រូបភាព៖THX/TTXVN)