ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបញ្ជូនជនសង្ស័យថ្នាំញៀន០២នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៣ខែមករា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ឆឺន អ៊ីត ភេទប្រុស អាយុ១៧ឆ្នាំនិងម្នាក់ទៀតឈ្មោះ ខ្វឿន ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង០២នាក់ រស់នៅ ភូមិគោកបល័ង្គ ឃុំគោកបល័ង្គ ស្រុកមង្គលបូរី។ជាមួយនឹងកិច្ចចុះប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការដកហូតបានវត្ថុតាង គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន០១ថង់កិប ទម្ងន់៧,៩០ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាក​ហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ ,​ទូរស័ព្ទដៃ០១គ្រឿង នាឡិកាដៃ០១គ្រឿងនិង  សម្ភារមួយចំនួនទៀត។

លោកវរសេនីយ៍ត្រីយ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងទៀតថា៖នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆឺត អ៊ីត បានឆ្លើយសារភាពថារូបគេពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ចំណែកឈ្មោះ ខ្វឿន ជីវ៉ា បានឆ្លើយសារភាថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង និងតាមការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ជនសង្ស័យទាំង០២នាក់និងវត្ថុតាង ត្រូវបាននាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបានបញ្ជូនខ្លួនទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖វណ្ណា


ចែករំលែក៖