ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងមូស្គូរបស់រុស្ស៊ី នឹងបើកសាលារៀនឲ្យសិស្សចូលរៀនឡើងវិញ

ចែករំលែក៖

នៅថ្ងៃទី១៤ ខែមករា ទីក្រុងមូស្គូរបស់រុស្ស៊ី​​នៅតែបន្តរក្សាវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩​ រហូតដល់ថ្ងៃទី​២១ ខែមករា លើកលែងតែសិស្សសាលាប៉ុណ្ណោះ គឺអនុញ្ញាតឲ្យវិលត្រឡប់ទៅរៀនវិញ។
អភិបាលក្រុងមូស្គូ លោក​Sergei Sobyanin បានបញ្ជាក់ថា មន្ត្រីទទួលខុសត្រូវ​ជួបផលលំបាកជាច្រើន ទើបសម្រេចឲ្យសិស្សឈប់រៀនតាមអនឡាញ ដោយឲ្យទៅរៀនផ្ទាល់នៅក្នុងសាលាវិញ។ លោក​Sergei Sobyanin បានឲ្យដឹងទៀតថា ការឆ្លងរាលដាលនៅតែកើនឡើងខ្ពស់ ហើយបើនៅក្នុងសាលានោះ បានរកឃើញសិស្សឆ្លងកូវីដ​-១៩ម្នាក់គឺសាលាត្រូវបិទជាបន្តទៀត។
ក្នុងរយៈពេល​២៤ម៉ោងកន្លងមក រុស្ស៊ីរកឃើញករណីឆ្លងកូវីដ​-១៩​ថ្មី បន្ថែម24.763 នាក់​។ដោយឡែកក្នុងទីក្រុងមូស្គូ មានអ្នកឆ្លងដល់ទៅ5.893 នាក់។ ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសរុស្ស៊ី​មាន 3.495.816នាក់​ ឈរលំដាប់ទី​៤លើពិភពលោក​។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ ក្នុងប្រទេសរុស្ស៊ីមាន63.940 នាក់ ។
ទីក្រុងមូស្គូ មានពលរដ្ឋសរុប​១៣លាននាក់ បានចាប់ផ្តើមចាក់វ៉ាក់សាំង​តាំងពីថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ។ ពលរដ្ឋនឹងចាក់វ៉ាក់សាំងផលិតក្នុងប្រទេសរុស្ស៊ី គឺវ៉ាក់សាំង​ Sputnik V ​ដែលមានប្រសិទ្ធភាពដល់ទៅ៩៥ភាគរយ ។ ទីតាំងចាក់វ៉ាក់សាំង បើកទ្វារចាប់ពីម៉ោង ៨ ដល់ម៉ោង​២០យប់ ។ ពលរដ្ឋដែលចង់ចាក់វ៉ាក់សាំង គឺត្រូវចុះឈ្មោះតាមអនឡាញជាមុន​៕

ដោយ៖ធី រីណា(រូបភាព៖ baotintuc)


ចែករំលែក៖