មន្ត្រីចារកិច្ចអាមេរិកបានឲ្យដឹងថា អុីស្រាអែលបានវាយប្រហារទៅលើទីតាំងជាច្រើនក្នុងប្រទេសស៊ីរីដោយមីស៊ីល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ។ សារព័ត៌មាន Times of Israel នៅថ្ងៃទី១៤ខែមករាបានផ្សាយថា អុីស្រាអែលគឺជាអ្នកវាយប្រហារនៅតំបន់ភាគខាងកើត ប្រទេសស៊ីរី នៅទីតាំងយោធាដែលអុីស្រាអែលចាត់ទុកថាមានទំនាក់ទំនងជាមួយអុីរ៉ង់។
មន្ត្រីចារកិច្ចអាមេរិកបានឲ្យដឹងថា អុីស្រាអែលបានប្រើប្រាស់ព័ត៌មានចារកិច្ចអាមេរិក ដើម្បីវាយប្រហារទៅកាន់គោលដៅ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMike Pompeo ក៏បានពិភាក្សាជាមួយអគ្គនាយកក្រសួងចារកិច្ចMossad របស់អុីស្រាអែលស្តីពីការវាយប្រហារតាមដែនអាកាស។
តាមប្រភពព័ត៌មាន ទីតាំងដែលរងការវាយប្រហារធ្លាប់បានប្រើប្រាស់ ដើម្បីរក្សាអាវុធនិងចែកចាយដល់ក្រុមដែលមានទំនាក់ទំនងជាមួយអុីរ៉ង់ ។ កន្លងមក អង្គការសិទ្ធិមនុស្សស៊ីរី SOHR នៅថ្ងៃទី១៣ខែមករា បានប្រកាសថា អុីស្រាអែលបានវាយប្រហារសម្លាប់មនុស្សសរុប៥៧នាក់ ក្នុងនោះមានទាហានស៊ីរី១៤នាក់ ទាហានបរទេស៤៣នាក់ ក្នុងនោះមានទាហានអុីរ៉ាក់១៦នាក់ និងអាហ្វហ្គានីស្ថាន១១នាក់។
នេះជាករណីវាយប្រហារពីអុីស្រាអែល បណ្តាលឲ្យមានអ្នកស្លាប់ច្រើនជាងគេបំផុតក្នុងប្រទេសស៊ីរី។ តាមព័ត៌មានស៊ីរី អុីស្រាអែលបានវាយប្រហារទៅលើគោលដៅជាច្រើន ក្នុងតំបន់Deir Ezzor និងAlbu Kamal ជាប់ព្រំដែនប្រទេសអុីរ៉ាក់ ។
ជាមួយគ្នានេះដែរសារព័ត៌មាន Times of Israel បានផ្សាយថា អុីស្រាអែលបានវាយប្រហារទីតាំង១៥កន្លែងក្នុងប្រទេសស៊ីរី ។ នេះជាលើកទី៤ហើយក្នុងរយៈពេល២សប្តាហ៍ដែលអុីស្រាអែល វាយប្រហារទៅលើទីតាំងរបស់អុីរ៉ង់ ក្នុងប្រទេសស៊ីរី ៕
ដោយ៖ធី រីណា(រូបភាព៖ Getty Images)