ខេត្តស្វាយរៀង៖ លោកឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជាបានថ្លែងក្រើនរំលឹកដល់ឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានត្រូវពង្រឹងក្រមសីលធម៌ខ្លួនឯងឲ្យបានល្អព្រោះក្រមសីលធម៌គឺជាត្រីវិស័យសម្រាប់ដាស់តឿនការអនុវត្តតួនាទីវិជ្ជាជីវៈរបស់ខ្លួនកុំឱ្យខុសច្បាប់។
ការថ្លែងរបស់លោកឱសថការី បាន បុត្តា បែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌនិយ័តកម្មគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា និងការផ្តល់ជូនវិញ្ញាបនបត្របញ្ជីកាឱសថការីកម្ពុជាដល់សមាជិកឱសថការីខេត្តស្វាយរៀងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ។
ពិធីនេះមានការចូលរួមពីលោកកែរ រដ្ឋាទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោក លោកស្រីជាសមាជិកឱសថការីជាច្រើនរូបទៀតផងដែរ។
លោកឱសថការី បាន បុត្តា បានថ្លែងបន្តថាដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តលិខិតបទដ្ឋាន ច្បាប់ឬគោលការណ៍នានា ដែលពាន់ព័ន្ធដល់សមាជិក សមាជិការបស់ខ្លួន ក្រុមប្រឹក្សាគណៈឱសថការីខេត្ត ត្រូវមានទិសដៅអនុវត្ត ក្នុងការប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យ តាមដាន និងដោះស្រាយបញ្ហានានា ចែករំលែកបទពិសោធន៍គ្រប់សកម្មភាពចូលរួមវគ្គអភិវឌ្ឍន៍សមត្ថភាព ឬសិក្ខាសាលា ឬកិច្ចប្រជុំនានា។
ជាមួយគ្នានេះត្រូវលើកគម្រោងវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឱសថស្ថាន/រងអោយបានល្អ(GPP) ដល់ឱសថការី ទទួលខុស ត្រូវ បច្ចេកទេស ដោយរួមសហការ នឹងមន្ទីរសុខាភិបាលខេត្ត លើកគម្រោងចំណាយថវិកាសមស្រប ដោយមានផែនការលម្អិតប្រចាំឆ្នាំនីមួយៗ ដើម្បីមានថវិកាគាំទ្រដល់ការចំណាយសម្រាប់ សម្ភារការិយាល័យ សម្រាប់ទីតាំង និងកម្មវិធីប្រជុំ សម្រាប់សកម្មភាពចុះផ្សព្វផ្សាយជាដើម។ ហើយត្រូវលើកកម្មវិធីប្រជុំរួមប្រចាំឆ្នាំរវាងគណៈទាំង៥ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើងពាក់ព័ន្ធនិងការប្រកបវិជ្ជាជីវៈ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ហើយលោក បានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីនឹងចូលរួមពិភាក្សា ផ្តល់គំនិតយោបល់ល្អ ៗ និងចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក ប្រកបដោយ ភាពស្និទស្នាល និងសំដៅលើកកំពស់ ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ ក្នុងពេលអនុវត្តការងារឲ្យកាន់ តែទទួលបានលទ្ធផលជោគជ័យថ្មី ៗ បន្ថែមទៀត ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅផងដែរ។
លោក កែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងទៀតថាមានគណៈគ្រប់គ្រងវិជ្ជាជីវៈទាំង៥ ក្នុងនោះគណៈគ្រូពេទ្យ និងគណៈឱសថការីមានទីតាំងនៅ មន្ទីរសុខាភិបាល ដោយឡែកក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងបានបង្កើតនៅឆ្នាំ២០១៦ដែលមានសមាសភាព ៨រូប ក្នុងនោះមានសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឱសថការី ៥រូប ហើយបច្ចុប្បន្នមានសមាជិកគណៈឱសថការី ចំនួន ៥១រូប ឱសថការីឧត្តម ៤២រូប មធ្យម៨ រូប ក្នុងនោះ ស្រី ៣១ រូប ផ្ទេរចូល ២រូប ១ រូបមកពីខេត្តកំពត ១ រូបមកពីរាជធានីភ្នំពេញផងដែរ៕
ដោយ៖យឹម សុថាន