ខេត្តកណ្ដាល៖ បុរស២នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសមធ្យម ខណៈផឹកស្រាជាមួយបក្ខពួក៤ទៅ៥នាក់ បានទាស់ពាក្យសម្តីគ្នាធ្វើឲ្យជនដៃដល់ដែលផឹកជាមួយគ្នានោះទ្រាំពុំបានក៏ស្ទុះទៅយកដែកនិងកាំបិតមកវាយជនរងគ្រោះទាំង២នាក់កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទី នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ម៉ៅ និត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកេីតហេតុ មុខរបរ ជាងផ្សារដែក (របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងទី២-ឈ្មោះ អោក គឹមស្រុី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម របួសហេីមដៃ និងហេីមស្មាខាងឆ្វេង មុខរបរជាងផ្សារដែក ។ ចំណែកជនសង្ស័យឈ្មោះ វិច្ឆិកា ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិចំបក់ ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមេជាងផ្សារដែក (គេចខ្លួន)។
ដោយឡែកវត្ថុតាងចាប់យកមាន ដែក ៤០x៨០ ប្រវែង ៦០សង់ទីម៉ែត្រ កាំបិតបុ័ងតោដងដងឈេី១ ។
ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំកេីតហេតុខាងលេី វេលាម៉ោង១៨និង១០នាទី ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាផឹកស្រាជាមួយបក្ខពួក៤ទៅ៥នាក់ទៀត ខណៈកំពុងផឹកសុីជនសង្ស័យបានទាក់ពាក្យសម្តីគ្នា ជាមួយឈ្មោះ សុគន្ធ ម៉េងសុង ហេីយជនរងគ្រោះឈ្មោះ ម៉ៅ និត បានតពាក្យសម្តីជាមួយជនសង្ស័យ ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះឈ្មោះ អោក គឹមស្រុី បានចូលទៅឃាត់ ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកដែក ៤០x៨០ វាយមកលេីជនរងគ្រោះឈ្មោះអោក គឹមស្រុី និងឈ្មោះម៉ៅ និត បណ្ដោលឲ្យរបួសតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ទៅ។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប បានចុះទៅកន្លែងកេីតហេតុ រួចកសាងឯកសារដើម្បីស្រាវជ្រាវរកជនដៃដល់ចាត់ការតាមច្បាប់៕
ដោយ៖ស្អាងជ័យ