ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាវ័យក្មេងចិត្តបុណ្យ ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោក បានឲ្យដឹងបែបនេះថា៖ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ ២៥០០០ដុល្លារ (ពីរមុឺនប្រាំពាន់ដុល្លារ) ដែលជូនទៅ គ្រួសារ នៃសព (១៥០០០ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(១០០០០ដុល្លារ) ។ 🙏🙏សូមក្រុមគ្រួសារនៃសពទាក់ទងមក 🙏បងហេងឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរស័ព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ។
សូមបញ្ជាក់ថា, កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។
ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។
បើតាមការបញ្ជាក់ឲ្យដឹងពីកងកម្លាំងជំនាញឲ្យដឹងថា, មូលហេតុដែលនាំឱ្យមានឧបទ្ទេវហេតុនេះ ដោយសារខ្យល់ខ្លាំង ទើបធ្វើឱ្យខ្សែឆត្រយោង នាយទាហានទាំងពីរវ័ណ្ឌគ្នា ហើយធ្លាក់ពីកម្ពស់១០០ម៉ែត្រមកដី បណ្ដាលឲ្យមានករណីគ្រោះថ្នាក់។
ពិតជាសោកស្ដាយបំផុត ចំពោះការបាត់បង់វីរជនស្នេហាជាតិ ដែលជាគ្រូបង្វឹកផ្នែកឆត្រយោងខាងលើ៕
ដោយ៖សិលា