ខេត្តតាកែវ៖ រមណីយដ្ឋាន តំបន់ទេសចរណ៍ ភ្នំដានារដូវនេះទេសភាព ពិតជាអស្ចារ្យណាស់ នឹងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែក អមជាមួយ នឹងខ្យល់អាកាសល្អបរិសុទ្ធ ដែលអាចរំសាយអស់ទុក្ខកង្វល់បន្ទាប់ពីបំពេញការងារ ។
លោក ឈូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ឲ្យអ្នកយកព័ត៏មានយើងដឹង នៅថ្ងៃទី១៥ មករា ឆ្នាំ២០២១នេះថា៖ ក្នុងរយៈពេល១ឆ្នាំ២០២០កន្លងមក មានភ្ញៀវមកទស្សនាកម្សាន្តនៅ ក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទភ្នំដាសរុប ជាង ១ម៉ឺន៥ពាន់នាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង១៥០០០នាក់ និងភ្ញៀវអន្តរជាតិចំនួន៤៣៣ នាក់។លោកបានបន្តថា រហូតមកដល់ពេលនេះ ក៏នៅតែមានភ្ញៀវមកលេងកម្សាន្តជាហូរហែផងដែរ ដោយ សារតែទីនេះមានទេសភាពស្រស់ស្អាត ជាមួយវាលស្រែដាច់កន្ទុយភ្នែក ដែលមានទេសភាពពណ៌មាស នៃស្រូវទុំ លាយឡំជាមួយនឹងទេសភាពវាលស្រែពណ៌បៃតង។លោកបានបន្ដថា ភ្ញៀវទេសចរ ដែលពួកគាត់ចូល ចិត្តមកកំសាន្តនៅទីនេះ ដោយសារតែពួកគាត់ មានគោលបំណងស្វែងយល់ ចង់ចេះចង់ដឹង ព្រមទាំងបានពុះពារមិនខ្លាចនឿយហត់ ចូលទៅទស្សនាយ៉ាងហូហែរ អំពីសក្តានុពលភាពវប្បធម៌នាសម័យកោះគោកធ្លកដើម្បីធ្វើការស្រាវជ្រាវ អំពីស្នាដៃដែលជាកេរដំណែលដ៏ល្បី ល្បាញនៃបុព្វបុរសខ្មែរយើងពីជំនាន់ដើមព្រមទាំងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។ប្រាសាទភ្នំដាបើនិយាយបុរាណដ្ឋានស្រុកខ្មែរគេចាត់ទុកថា ប្រាសាទភ្នំដាគឺជាប្រាសាទដែលកសាងមុនគេបង្អស់ ដើម្បីគេស្រាវ ជ្រាវប្រាសាទបុរាណនៅស្រុក ខ្មែរគឺចាប់ផ្ដើមពីប្រាសាទភ្នំដាទៅមុន។តាមឯកសារប្រាសាទហ្នឹងកសាងពីថ្មបាយក្រៀម ទំហំវាប្រហែល៨ម៉ែត្របួនជ្រុង។ ភ្នំនេះច្រើនអ្នកមកពីតំបន់អឺរ៉ុបគឺជាពួកអាមេរិកគេជាអ្នកមកធ្វើការស្រាវជ្រាវ។
ដោយឡែកនៅថ្ងៃនេះដែរ កញ្ញាមាស សុជាតា ជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅប្រាសាទភ្នំដា ក៏បានឱ្យដឹងដែរថា នៅទីនោះពិតជាមានទេសភាព ស្រស់ស្អាតណាស់ ជាពិសេស គឺវាលស្រែដ៏ខៀវស្រងាត់ មានខ្យល់បរិសុទ្ធ ជាកន្លែងស័ក្ដិ សិទ្ធក្នុងការបន់ស្រន់ ព្រមទាំងមានរូបចម្លាក់ក្បូរក្បាច់រចនា នៅលើប្រាសាទ គួរជាទីគយគន់រំសាយអស់ទុក្ខកង្វល់ ពេលបានទៅទស្សនាកម្សាន្តនៅទីនោះ។វាស្អាតព្រោះនៅខ្ពស់ ហើយប្រាសាទនៅសល់ពីបុរាណ ចឹងយើងចង់ឡើងមកគោរពព្រោះជាកន្លែងស័ក្ដិសិទ្ធ ហើយទេសភាពស្អាត វាមានផ្កាចឹងទៅវាស្អាត យើងមកលេងផងនិង មកសុំសេចក្ដីសុខផង ។
សូមបញ្ជាក់ថា៖ ប្រាសាទភ្នំដាជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដែនដីចំណាស់ នៃនគរគោកធ្លកស្ថិតនៅឃុំគោកធ្លកស្រុកអង្គរបូរី ខេត្តតាកែវ មានចម្ងាយ១០២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕ ដោយ៖សំរិត