អ្នកគ្រប់គ្រង់ឧទ្យាជាតិ និងកម្លាំងប៉ូលិសបានទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវអំពីការស្លាប់របស់បុរសវ័យចំណាស់ម្នាក់ដែលដេកនៅក្នុងតង់ ស្ថិតនៅក្នុងតំបន់សម្រាប់បោះតង់ Pha Kluai Mai ក្នុងឧទ្យាជាតិ Khao Yai ក្នុងស្រុក Pak Chong ខេត្តណាខន រាជសីមា ប្រទេសថៃ នៅថ្ងៃទី១៥ខែមករានេះ។
មនុស្សដែលស្លាប់នោះគឺលោកតាវ័យ៨០ឆ្នាំម្នាក់ដេកនៅក្នុងតង់ត្រូវដំរីព្រៃមួយក្បាលវាយប្រហារជាន់ស្លាប់។ កម្លាំងប៉ូលិសនិងមន្ត្រីឧទ្យានជាតិបានទៅដល់កន្លែងកើតហេតុនៅវេលាម៉ោង១ និង៥០នាទី រំលងអធ្រាត្រ។ លោកតា ដែលត្រូវដំរីជាន់ស្លាប់ឈ្មោះ Prayot Jitbun អាយុ៨០ឆ្នាំ រស់នៅក្នុងខេត្ត សាម៉ុតប្រាកាន។
តាមសារព័ត៌មានបាងកកប៉ុស្តិ៍ដែលបានផ្សាយនៅថ្ងៃទី១៥ខែមករា បានឱ្យដឹងថា លោកតា Prayot Jitbun បានស្លាប់ដោយសារតែដំរីព្រៃមួយក្បាលនៅទីនោះវាយប្រហារ។ ហេតុការណ៍វាយប្រហារនេះបានកើតឡើងនៅក្នុងជំរំបោះតង់ Pha Kluai Mai ចន្លោះខេត្ត Pak Chong និងខេត្ត Prachin Buri ។ លោកតា ក៏មិនខុសពីអ្នកទេសចរដទៃដែរ បានទៅឧទ្យាននោះក្នុងបំណងសម្រាកលំហែកាយបោះតង់ស្រូបយកបរិយាកាសបរិសុទ្ធ ប៉ុន្តែគួរឱ្យសោកស្ដាយដំរីព្រៃមួយក្បាលនោះ បានចូលទៅជំរំរបស់គាត់ វាយប្រហារផ្តាច់សង្ខារតែម្តង។
មន្ត្រីក្នុងឧទ្យានបានឲ្យដឹងដែរថា ដំរីមួយក្បាលនោះមានឈ្មោះថា «Phlai Due» ហើយនៅមុនពេលកើតហេតុ វាក៏ស្រាប់តែមានអាការខឹងសម្បាភ្លាមៗ ហើយក៏បានចូលទៅវាយប្រហារបុរសរងគ្រោះទាំងដែលគាត់កំពុងសម្រាន្តលង់លក់។ បុរសរងគ្រោះត្រូវបានដំរីជាន់ និងគ្រវែងចុះឡើងៗ ហើយក្រោយមកបានបោកផ្ទប់នឹងដើមឈើ ធ្វើឱ្យគាត់ស្លាប់នៅនឹងកន្លែង។ មន្ត្រីក៏បាននិយាយដែរថា ដំរីនេះត្រូវបានគេដាក់ឧបករណ៍តាមដានប៉ុន្មានថ្ងៃមកហើយ តាំងតែពីថ្ងៃទី០៨ ខែមករា ដោយសារតែឥរិយាបថផ្លាស់ប្ដូររបស់វានេះ។
មិនថានៅក្នុងប្រទេសថៃនោះឡើយពលរដ្ឋនៅក្នុងប្រទេសជាច្រើន ក៏បានសម្រេចទៅលំហែកាយក្នុងព្រៃ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ពលរដ្ឋមានការធុញថប់យ៉ាងខ្លាំង ហើយតែងតែទៅរកកន្លែងស្ងប់ស្ងាត់មិនសូវមានមនុស្សសម្រាកលំហែកាយ ក្នុងគោលដៅបញ្ចៀសការឆ្លងកូវីដ-១៩ ។ ការបោះតង់គឺជាជម្រើសដ៏ពេញនិយម ប៉ុន្តែក៏ប្រឈមនិងគ្រោះថ្នាក់ផងដែរ ដូចករណីលោកតា អាយុ៨០ឆ្នាំអ៊ីចឹង ។ ដូច្នេះយើងគួតែប្រយ័ត្នទៅកាន់តំបន់ដែលមានសុវត្ថិភាពដើម្បីបោះតង់កម្សាន្តឲ្យមានក្តីសុខបំផុតជៀសវាងហេតុការណ៍អាក្រក់កើតឡើង៕
ដោយ៖ធី រីណា