ភ្នំពេញ ៖ បងប្អូននិងលោកតាជាអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០៦នាក់ បានទទួលអំណោយពី មូលនិធិត្រីចក្រយានកម្ពុជា ( ស៊ីក្លូ ) នៅ សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៥ ខែមករា២០២១នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិ ត្រីចក្រយានកម្ពុជា និងលោកស្រីជាភរិយា។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានថ្លែងថា ៖ សម្តេចតេជោបានផ្តួចផ្តើមឲ្យមានមូលនិធិនេះឡើង សំដៅ អភិរក្សស៊ីក្លូដែលមានដើមកំណើតតាំងពី សម័យអាណានិគមនិយមបារាំង ។
លោកបន្តថា កន្លងមកបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០៦នាក់បានទទួលអំណោយពី មូលនិធិ ត្រីចក្រយានកម្ពុជា ព្រមទាំង មានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណប.ស.ស ដើម្បីឲ្យបងប្អូនទៅ ព្យាបាលជំងឺដោយមិនអស់ប្រាក់ ។
លោកអភិបាលរាជធានីបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។ គោលបំណងសំខាន់ក្នុង ការបង្កើតឲ្យមានមូលនិធិត្រីចក្រយាន កម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូន ដោយ គិតគូរពីសុខភាព ជីវភាពរស់នៅរបស់ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងដើម្បី រួមចំណែកលើកស្ទួយ អភិរក្សនិងអភិវឌ្ឍន៍ស៊ីក្លូ ដែលមានជាយូរមកហើយ ឲ្យបានគង់វង្សកុំឲ្យបាត់បង់ ។
លោក ឃួង ស្រេង ក៏បានក្រើនរំលឹក ដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ឲ្យ ថែរក្សា សុខភាព ប្រកាន់ខ្ជាប់នូវគោល ការណ៍ហូបស្អាត ផឹកស្អាត និងរស់នៅ ស្អាត ។ ពិសេស ការពារខ្លួនពីការរីក រាលដាលជំងឺកូវីដ-១៩ មានការលាងដៃ ដោយសាប៊ូ អាល់កុល និងជែល ហើយ ពាក់ម៉ាស់ជាប្រចាំ នៅពេលមានមនុស្ស ច្រើន ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ អំណោយដែលបងប្អូនអ្នកប្រកបរបរធាក់ ស៊ីក្លូទាំង៣០៦នាក់ទទួលបាន គឺក្នុងម្នាក់ទទួលបានមី១កេស , ម៉ាស់១ ប្រអប់ និងភួយមួយ ។ ការផ្តល់អំណោយ នេះធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ត្រីចក្រយានកម្ពុជា និងលោកស្រីជាភរិយា ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធាន លេខាធិការដ្ឋានមូលនិធិត្រីចក្រយាន កម្ពុជា បានឲ្យដឹងថា ៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ មករា ឆ្នាំ ២០១៨ គឺមានរយៈពេល ជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន ហើយសម្តេចក៏ជាប្រធានកិត្តិយស , លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សា មូលនិធិនេះ ។ លោកម៉េត មាសភក្តី បន្តថា មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ ក្នុងម្នាក់៧ពាន់រៀលក្នុងមួយថ្ងៃ ហើយរយៈពេល១០ថ្ងៃបើកម្តង ដែលស្មើនឹង២១ ម៉ឺនរៀលក្នុងមួយខែ ។
សូមបញ្ជាក់ដែរថា៖ ក្នុងនោះបងប្អូន លោកតា លោកពូ និងលោកអ៊ំដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមាន វ័យចំណាស់ មានខ្លះអាយុ៨៣ឆ្នាំ ខ្លះ អាយុ៨៧ឆ្នាំ និងលោកតាអាយុ៩០ឆ្នាំ នៅមានសុខភាពល្អ គាត់អត់កូនអត់ប្រពន្ធ ធាក់ស៊ីក្លូចិញ្ចឹមជីវិត ៕ ដោយ៖សំរិត