កម្លាំងទាហានដល់ទៅ ២៥ពាន់នាក់ បានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន នាថ្ងៃទី២០ខែមករាខាងមុខ។
តាមការប្រកាសរបស់កម្លាំងទាហានជើងគោកអាមេរិក ក្រសួងការពារជាតិបានសម្រេចបញ្ជូនកម្លាំងទាហាន២៥ពាន់នាក់ គឺលើសពីគម្រោងពេលដំបូងដល់ទៅ៥ពាន់នាក់ ដើម្បីធានា សុវត្ថិភាព និងមិនមានការរំខានដល់ ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី ។
នាយឧត្តមសេនីយ៍ Daniel Hokanson មេបញ្ជាការកងទ័ពការពារជាតិអាមេរិកបានឲ្យដឹងថា កម្លាំងទាហានការពារជាតិបានដាក់ពង្រាយនៅជុំវិញទីក្រុងវ៉ាស៊ីនតោនការពារសុវត្ថិភាពជូនពលរដ្ឋ និងថ្នាក់ដឹកនាំ។
ក្រៅពីនេះនៅរដ្ឋជាច្រើនក៏បានសម្រេចរឹតបន្តឹងការពារសន្តិសុខ ខ្លាចមានបាតុកម្មហិង្សាកើតឡើងដែរ ។ ការបង្កើនកម្លាំងការពារ ក្រោយពេលមានបាតុកម្មក្លាយជាហិង្សាកាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។
នៅពេលនេះ ស្ថាប័នគ្រប់គ្រងឧទ្យានជាតិបានសម្រេចបិទទីលាន វ៉ាស៊ីនតោន រហូតដល់ថ្ងៃទី២៤ខែមករា ។ មិនតែប៉ុណ្ណោះ ការកក់បន្ទប់ស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោនក៏ត្រូវផ្អាកទទួលភ្ញៀវផងដែរ ដោយខ្លាចពលរដ្ឋសម្រុកមកទីក្រុងវ៉ាស៊ីនតោនរំខានដល់ការចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី។
ការបង្កើនសន្តិសុខការពារ ក្រោយពេលក្រុម FBI បានព្រមានថានឹងមានបាតុកម្មហិង្សាកើតឡើង ក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង ដោយក្រុមបាតុករជាច្រើនយកអាវុធទៅជាមួយផងដែរ៕
រូបភាព៖Reuters