ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនកម្លាំងទាហាន ដល់ទៅ​២៥ពាន់នាក់ទៅការពារពិធីចូលកាន់តំណែងរបស់លោកបៃឌិន

ចែករំលែក៖

កម្លាំងទាហានដល់ទៅ ២៥ពាន់នាក់ បានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន នាថ្ងៃទី​២០ខែមករាខាងមុខ។
តាមការប្រកាសរបស់កម្លាំងទាហានជើងគោកអាមេរិក ​ក្រសួងការពារជាតិ​បានសម្រេចបញ្ជូនកម្លាំងទាហាន​២៥ពាន់នាក់ គឺលើសពីគម្រោងពេលដំបូង​ដល់ទៅ​៥ពាន់នាក់​ ដើម្បីធានា សុវត្ថិភាព និងមិនមានការរំខានដល់ ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី ។
នាយឧត្តមសេនីយ៍ Daniel Hokanson មេបញ្ជាការកងទ័ពការពារជាតិអាមេរិក​បានឲ្យដឹងថា កម្លាំងទាហានការពារជាតិបានដាក់ពង្រាយនៅជុំវិញទីក្រុងវ៉ាស៊ីនតោន​ការពារសុវត្ថិភាពជូនពលរដ្ឋ និងថ្នាក់ដឹកនាំ។
ក្រៅពីនេះនៅរដ្ឋជាច្រើនក៏បានសម្រេចរឹតបន្តឹងការពារសន្តិសុខ ខ្លាចមានបាតុកម្មហិង្សាកើតឡើងដែរ ។​ ការបង្កើនកម្លាំងការពារ ក្រោយពេល​មានបាតុកម្មក្លាយជាហិង្សា​កាលពីថ្ងៃទី​៦ខែមករា ឆ្នាំ​២០២១ នៅវិមានរដ្ឋសភា បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។
នៅពេលនេះ ស្ថាប័នគ្រប់គ្រងឧទ្យានជាតិបានសម្រេចបិទទីលាន វ៉ាស៊ីនតោន រហូតដល់ថ្ងៃទី​២៤ខែមករា ។ មិនតែប៉ុណ្ណោះ ការកក់បន្ទប់ស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោនក៏ត្រូវផ្អាកទទួលភ្ញៀវផងដែរ ដោយខ្លាចពលរដ្ឋសម្រុកមកទីក្រុងវ៉ាស៊ីនតោនរំខានដល់ការចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី។
ការបង្កើនសន្តិសុខការពារ ក្រោយពេលក្រុម ​FBI ​បានព្រមានថា​នឹងមានបាតុកម្មហិង្សាកើតឡើង ក្នុងថ្ងៃលោកបៃឌិន​ចូលកាន់តំណែង​ ដោយក្រុមបាតុករជាច្រើនយកអាវុធទៅជាមួយផងដែរ​៕

រូបភាព៖Reuters 


ចែករំលែក៖