ចំណេះដឹងទូទៅ៖ បើតាមការអះអាងពីអ្នកជំនាញខាងថ្នាំពេទ្យ បានបញ្ជាក់ថា អាហារដែលយើងញ៉ាំរាល់ដងអាចនឹងមានរំខានដល់ថ្នាំដែលអ្នកញ៉ាំដែរ។ ខណៈអ្នកជំងឺជាច្រើនប្រហែលជាមិនសម្គាល់ដឹងទេថា អាហារផ្តល់សុខភាពណាមួយអាចមានផលវិបាកធ្ងន់ធ្ងរនៅពេលញ៉ាំជាមួយនឹងថ្នាំ។
អ្នកជំនាញ បានបញ្ជាក់បន្ថែមថា ជាពិសេសឱសថការីទាំងឡាយគួរតែសម្គាល់ផងទៅលើមុខងាររបស់ថ្នាំឱ្យបានច្បាស់លាស់ ជាពិសេសការប្រឈមនឹងប្រតិកម្មនានាជាមួយនឹងអាហារ ដោយមិនខ្វល់ថាថ្នាំនោះជាថ្នាំគ្មានវេជ្ជបញ្ជា ឬមានវេជ្ជបញ្ជាឡើយ។
តើថ្នាំ និងអាហារដែលមានប្រតិកម្មនឹងគ្នា ហើយមានគ្រោះថ្នាក់បំផុតមួយចំនួនដែលឱសថការីទាំងឡាយអាចជួយបង្ការបាននោះមានអ្វីខ្លះ? តោះបើចង់ដឹងច្បាស់លោកអ្នកសូមអានព័ត៌មានលម្អិតមានដូចខាងក្រោម៖
អាហារសម្បូរកាល់ស្យូម និងថ្នាំផ្សះ
អាហារធ្វើពីទឹកដោះគោដូចជា ទឹកដោះគោ យ៉ាអួ និងហ្វ្រូម៉ាសសុទ្ធតែអាចរំខានដល់ថ្នាំបានច្រើនប្រភេទដូចជា ថ្នាំផ្សះប្រភេទTetracycline, Doxycycline និង Ciprofloxacin ជាដើម។
ថ្នាំផ្សះទាំងនេះប្រហែលជាទៅតោងជាតិកាលស្យូមក្នុងទឹកដោះគោ ដើម្បីបង្កើតបានជាសារធាតុមិនរលាយក្នុងក្រពះ និងពោះវៀនតូចផ្នែកខាងលើហើយរាងកាយក៏មិនអាចបឺតស្រូបយកទៅប្រើប្រាស់បានដែរ។
អាហារត្រាំ និងថ្នាំជំងឺផ្លូវចិត្តប្រភេទ MAIOs
អាហារប្រភេទនេះផ្ទុកទៅដោយសារធាតុ Tyramine ដែលមានជាប់ទាក់ទងនឹងការបង្កើនសម្ពាធឈាមយ៉ាងគ្រោះថ្នាក់មួយលើអ្នកជំងឺប្រើថ្នាំជំងឺផ្លូវចិត្ត Monoamine Oxidase Inhibitors (MAIOs) និងថ្នាំសម្រាប់អ្នកជំងឺ Parkinson’s Disease។
អាហារសម្បូរវីតាមីន K និងថ្នាំ Warfarin
ឱសថការីទាំងឡាយគួរតែពិគ្រោះជាមួយអ្នកជំងឺដែលកំពុងតែប្រើថ្នាំWarfarin ដើម្បីថែរក្សាជំងឺឱ្យចៀសវាងការញ៉ាំអាហារណាសម្បូរវីតាមីន K ដូចជាស្ពៃស្ពីណាច និងបន្លៃពណ៌បៃតងផ្សេងៗទៀត។
វីតាមីន K មានសារៈសំខាន់ណាស់សម្រាប់ការផលិតសារធាតុកំណកឈាមដើម្បីកុំឱ្យហូរឈាម ប៉ុន្តែថ្នាំប្រឆាំងការកកឈាមដូចជាWarfarin បែរជាមានឥទ្ធិពលផ្ទុយគ្នានឹងវីតាមីន K ទៅវិញ។ ដូច្នេះការបង្កើនការញ៉ាំអាហារសម្បូរជីវជាតិមួយនេះពិតជាមិនល្អចំពោះឥទ្ធិពលរបស់ថ្នាំ Warfarin ឡើយ។
គ្រឿងស្រវឹង និងថ្នាំរំញោចមានវេជ្ជបញ្ជា
អ្នកជំងឺគួរតែកុំលេបថ្នាំជាមួយគ្រឿងស្រវឹងឡើយ ព្រោះវាអាចនឹងមានប្រតិកម្មមួយចំនួនធ្ងន់ធ្ងរកើតឡើង។ ឧទាហរណ៍ ការប្រើថ្នាំរំញោចជាមួយនឹងការផឹកស្រាអាចបណ្តាលឱ្យអ្នកជំងឺពុលបាន។ រឿងនេះកើតឡើងពិតជាពិសេសនៅពេលថ្នាំនេះត្រូវបានគេប្រើប្រាស់ច្រើន ប៉ុន្តែវាក៏អាចកើតឡើងនៅពេលអ្នកជំងឺប្រើថ្នាំទៅតាមវេជ្ជបញ្ជាដែរ។
ទឹកផ្លែក្រូចខ្វិច និងក្រូចខ្វិចជាមួយថ្នាំ Statins
អ្នកជំងឺគួរតែចៀសវាងការញ៉ាំក្រូចខ្វិច ឬទឹករបស់វាខណៈពេលកំពុងតែប្រើថ្នាំ Statins។ សមាសធាតុក្នុងផ្លែក្រូចខ្វិចឈ្មោះថាFuranocoumarin អាចនឹងធ្វើឱ្យកើនឡើងឥទ្ធិពលរបស់ថ្នាំបានតាមរយៈការមានប្រតិកម្មជាមួយអង់ស៊ីមក្នុងពោះវៀនតូច និងថ្លើម៕ដោយ៖សហការី
រូបភាព៖ឯកសារ