ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ និស្សិតឆ្នាំទី៤ ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលសង្ស័យតូចចិត្តដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្ដួច

ចែករំលែក៖

ភ្នំពេញ៖ និស្សិតឆ្នាំទី៤ម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។ 

ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថានិស្សិតដែលធ្វើអត្តឃាតមានឈ្មោះ ម៉ា ត្រា  អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ36 មានស្រុកកំណើតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថានិស្សិតរូបនោះបានចងកសម្លាប់ខ្លួនដោយក្រមាចងជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹក ខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឲ្យមកមើលទើបបង្កឱ្យមានការភ្ញាក់ផ្អើល។

ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុអ្វីឡើយ គេមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯងដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្តួច។

តាមម្ចាស់ផ្ទះជួលបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅម៉ោងប្រមាណជា១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា នេះ ស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើលបន្ទប់កូនរបស់គាត់ដោយសារគាត់តេមិនចូលបិទទូរស័ព្ទ ក៏បានប្រទះឃើញបន្ទប់បិទទ្វារហើយនាំគ្នាដោះកញ្ចក់មើលឃើញសពចងកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។

តាមព័ត៌មានឱ្យដឹងថា នៅល្ងាចថ្ងៃទី ១៦ខែមករា និស្សិតរូបនោះទូរស័ព្ទទៅម្ដាយទំនងជាខឹងម្តាយស្តីបន្ទោស ក៏បានបិទទូរស័ព្ទតែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើ កោសល្យវិច័យសពរួចរកឃើញមានសំបុត្រមួយច្បាប់ដែលយុវជនរូបនោះសរសេរជាភាសាអង់គ្លេសផ្ញើទុកជូនម្ដាយ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖