ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្លាប់ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ីបន្តកើនឡើងខ្ពស់

ចែករំលែក៖

ការរញ្ជួយដីធ្វើឲ្យកគ្រើក កោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ។ ការរញ្ជួយដី បណ្តាលឲ្យបាក់ដីជាច្រើនកន្លែងកាត់ផ្តាច់ផ្លូវចរាចរណ៍ ពិបាកនៅក្នុងការជួយសង្គ្រោះ ។
សារព័ត៌មាន Reuters នៅល្ងាចថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧៣នាក់ហើយ និងជាង ៨២០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារខេត្តស៊ូ West Sulawesi ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រកន្លងទៅ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅចំងាយ ៦គីឡូម៉ែត្រពីភាគឦសាន្ត ទីក្រុង Majene ដោយមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។ អ្នកស្រុក ១៥,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែង សុវត្ថិភាពជាបណ្តោះអាសន្ន។ អគារ និងផ្ទះជាច្រើនខ្នង ត្រូវបានគេរាយការណ៍ថាបានបាក់រលំ តែមិនទាន់មានការបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ ដែលអាចជាប់នៅ ក្រោមគំនរបាក់បែកនោះទេ។
ឥណ្ឌូនេស៊ី ជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង Ring of fire នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្ស ស៊ូណាមិ បានវាយប្រហារទីក្រុង Palu ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕

ដោយ៖ធី រីណា(រូបភាព៖AP)


ចែករំលែក៖