ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ហើយ ការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ជូនថា,គិតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមុិញ ថវិកាដែលទទួលបានពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សរុបទាំងអស់ជាង៥៧លានដុល្លារអាមេរិក ក្នុងនោះមានជាលុយដុល្លារ ៥៤ ៣១៥ ២៤៦,៧២ដុល្លារ និងលុយរៀល ១១ ៧៩៥ ១០៩ ៧០០រៀល។
តាមរយៈខ្មែរស្រលាញ់ខ្មែរ និងរួបរួមគ្នា ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ គឺថវិកានេះបានកើនឡើងជាលំដាប់ ដោយសារតែមានការចូលរួមបរិច្ចាគ យ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទី ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគរបស់សប្បុរសជននេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជន ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។
កម្ពុជាក៏បានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនមួយលានដូស ពីមិត្តចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្នុងនោះក្រសួងសុខាភិបាល អាជ្ញាធរ សមត្ថកិច្ច ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុត ចំពោះវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ រហូតដល់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងវិធានការការពារជំងឺកូវីដ-១៩ នេះ៕
ដោយ៖ សុខ ខេមរា