ខេត្តបន្ទាយមានជ័យ៖ មេខ្យល់នាំមនុស្សឆ្លងដែនទៅប្រទេសថៃម្នាក់ ក្នុងចំណោម០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ។
ជនសង្ស័យឈ្មោះ ប៉ិក ឌត ឬប៉ិក ដូត ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរូបនេះត្រូវបានកម្លាំងយោធាការពារព្រំដែនគោកវរសេនាតូចលេខ៥០៣ ល្បាតប្រទះឃើញកំពុងជូនពលករខ្មែរប្រុស ស្រីចំនួន១១នាក់ ក្នុងនោះក្មេងតូចអាយុ០៣ខែ ០១នាក់លួចឆ្លងដែនទៅប្រទេសថៃ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិចំការគ ឃុំ ស្វាយចេក ស្រុកស្វាយចេក និងបានធ្វើការ ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០យប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២១ ហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ ។ ចំណែកពលករប្រុស ស្រីទាំង១១នាក់ ក្នុងនោះក្មេងប្រុសតូច០១នាក់ សមត្ថកិច្ចបាននាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសំចតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
លោក ឡាយ គីមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ិក ឌតឬប៉ិក ដូត បានសារភាពថា ខ្លួននិងបក្ខពួកគេចំនួន០២នាក់ទៀតដែលរត់គេចខ្លួនបាត់ មានឈ្មោះ ឡុំ ភេទប្រុសនិងឈ្មោះថា ភេទប្រុស ពិតជាបានធ្វើសកម្មភាពនាំមនុស្សចំនួន១១នាក់ ទាំងក្មេងប្រុសតូច០១នាក់ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃប្រាកដមែន ដោយយកកម្រៃជូនឆ្លងដែនក្នុងម្នាក់១០០បាត ពេលពួកខ្លួននាំពលករដើរទៅដល់ចំណុចតំបន់សនៃព្រំដែន ត្រូវបានកម្លាំងយោធាខ្មែរឃាត់ខ្លួនគេនិងពលករ១១នាក់ កុមារតូច០១នាក់ទៅមណ្ឌលសុំចតអូរបីជាន់ ។
លោកឡាយ គឹមលួន បញ្ជាក់ថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិង ដោយការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និង ចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃ១៨មករានេះ៕
ដោយ ៖វណ្ណា