ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូបើកបញ្ច្រាសទិសបុករងរបួសធ្ងន់ម្នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តឡិចសុីសបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូជាន់ហ្វ្រ័ងមិនទាន់ក៏បុកចំកង់ក្រោយផ្នែកខាងស្តាំយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះប៉ន ប៉េង អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្ថិតនៅភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q-៦៩៦៤បានខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះទេព ស៊ុនឌី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌មាស ពាក់ស្លាកលេខស្វាយរៀង២B-២៧៩ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្របពេលដែលបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q-៦៩៦៤ក្នុងទិសដៅផ្ទុយគ្នាមកដល់ជាន់ហ្វ្រ័ងមិនទាន់ ក៏បុកចំកង់ក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ។
រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន


ចែករំលែក៖