ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលការដ្ឋានកំពុងជួសជុលសួនច្បាររូបរមាស និងស្ថាបនាផ្លូវនៅភូមិកៀនសាំងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោមការដឹកនាំរបស់លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាប៉ុន្មានឆ្នាំកន្លងមកនេះបានធ្វើឱ្យក្រុងស្រុកទាំង៨ក្នុងខេត្តស្វាយរៀងមានការប្រែមុខមាត់និងមានសោភណភាពស្រស់បំព្រង រីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនិងអបអរសាទរគ្រប់ៗគ្នា។

ជាក់ស្ដែងនាព្រឹកថ្ងៃអង្គារ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ

លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលការដ្ឋានកំពុងជួសជុលសួនច្បាររូបរមាស និងស្ថាបនាផ្លូវ ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងការកែលម្អសោភណភាពសួន និងធ្វើផ្លូវនៅបរិវេណសួនច្បារនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពេលឆ្លងកាត់មកលើផ្លូវជាតិលេខ១ និងពីផ្លូវជាតិលេខ១ចូលទៅផ្លូវក្នុងក្រុងស្វាយរៀង។

ការចុះពិនិត្យរបស់លោកម៉ែន វិបុលនេះដែរក៏មានការអមដំណើរដោយលោកហែម ពិសិដ្ឋ អភិបាលរងខេត្ត លោកនួនលីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត  លោកអភិបាលក្រុងស្វាយរៀង​ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែលមានច្រកទ្វារអន្តរជាតិបាវិតស្ថិតនៅចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីទីរួមខេត្តខេត្តស្វាយរៀង ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ចរាចរទំនិញចេញចូលរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺក្រុងភ្នំពេញនិងក្រុងហូជីមិញ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះមានការរីកចម្រើនយ៉ាងលឿនដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សដែលមានទាំងអ្នកចំណូលថ្មីនិងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់៕ យឹម សុថាន


ចែករំលែក៖