ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋញូវយ៉ក អាមេរិក បានស្នើទិញវ៉ាក់សាំងដោយផ្ទាល់ពីក្រុមហ៊ុនPfizer

ចែករំលែក៖

នៅក្នុងលិខិតផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន Pfizer អភិបាលរដ្ឋញូវយ៉កលោក Andrew Coumo បានឲ្យដឹងថា ទីក្រុងញូវយ៉ក កំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយអាចនឹងបរាជ័យ ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ។
អភិបាលក្រុងញូវយ៉កបានបន្តទៀតថា ចំនួនអ្នកត្រូវចូលទៅកាន់មន្ទីរពេទ្យនិងស្លាប់បានកើនឡើងកាន់តែច្រើននៅពេលនេះ ហើយអាចនឹងលើសពីសមត្ថភាពគ្រប់គ្រង ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់។
លោក Coumo បានបញ្ចាក់ថា លោកអភិបាលរដ្ឋ ៧ផ្សេងទៀត បានអំពាវនាវឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវ ចំនួនអ្នកឆ្លង និងអ្នកស្លាប់ថ្មីនៅតែមានចំនួនច្រើន។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៤, ៦២៦,៣៧៦នាក់ ស្លាប់ចំនួន ៤០៨,៦២០នាក់ និងជាសះស្បើយចំនួន ១៤,៥៥១,៦៨៥នាក់។
ចំណែកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់៩៦,០០៨,៧៨៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,០៤៩,៣១១នាក់ និងជាសះស្បើយឡើងវិញ ៦៨,៦២៩,០៨៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៥៨២,៦៤៧នាក់ ស្លាប់ចំនួន ១៥២,៥៩៣នាក់ និងជាសះស្បើយ ១០,២២៧,៨៥២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៨,៥១២,២៣៨នាក់ ស្លាប់ ២១០,៣២៨នាក់ និងជាសះស្បើយ ៧,៤៥២,០៤៧នាក់៕ ដោយ៖ធី រីណា

រូបភាព៖ AFP/TTXVN


ចែករំលែក៖