កីឡាករTiger Woods បានផ្អាកចូលរួមសម្រាប់រដូវកាលរបស់គាត់បន្ទាប់ពីបានធ្វើការវះកាត់ជាលើកទី ៥ក្នុងអាជីពរបស់គាត់។ កីឡាករវាយកូនហ្គោលដែលឈ្នះពានរង្វាន់ធំៗ១៥សម័យកាលចុងក្រោយបានលេងនៅកម្មវិធី PNC Championship កាលពីខែធ្នូជាកន្លែងដែលគាត់មានអារម្មណ៍មិនស្រួលនៅខ្នងរបស់គាត់ ហើយក៏ត្រូវខកខានដើម្បីចំណាយពេលវេលាព្យាបាល និងវះកាត់។
សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់កីឡាករTiger Woods បានសរសេរថា គាត់បានព្យាបាលជាដោយជោគជ័យនូវរបួសដែលបានដាក់សម្ពាធក្នុងសរសៃប្រសាទរបស់គាត់ពិសេសលើខ្នងដែលធ្វើឲ្យមានការឈឺចាប់។
លោក Tiger Woods បានមានប្រសាសន៍ថា “ខ្ញុំទន្ទឹងរង់ចាំនឹងចាប់ផ្តើមការហ្វឹកហាត់ ហើយខ្ញុំផ្តោតលើការត្រលប់មកប្រកួតវិញ ដើម្បីប្រជែងក្នុងពានរង្វាន់មួយចំនួនសម្រាប់ឆ្នាំ២០២១នេះ” ។
ក្រុមគ្រូពេទ្យបាននិយាយថា ការវះកាត់នេះទទួលបានជោគជ័យ ប៉ុន្តែ Tiger Woods មានវ័យ៤៥ឆ្នាំហើយនឹងខកខានមិនបានចូលរួមព្រឹត្តិការណ៍ PGA Tour មួយចំនួនផងដែរ។
Tiger Woods នឹងខកខានការបើកការប្រកួត Torrey Pines ចាប់ពីថ្ងៃទី២៨-៣១ ខែមករា ប៉ុន្តែនៅពេលដែលគាត់នឹងមិនចូលរួមក្នុងកម្មវិធី The Genesis Invitational ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈគាត់នៅតែបំពេញតួនាទីជាម្ចាស់ផ្ទះសម្រាប់ប្រកួតនេះ។
សូមរំលឹកថា នៅចន្លោះខែសីហា ឆ្នាំ២០១៥ និងខែធ្នូ ឆ្នាំ២០១៧ លោកTiger Woods បានលេងនៅក្នុងព្រឹត្តិការណ៍ PGA Tour មួយប៉ុណ្ណោះ។គាត់បានធ្វើការវះកាត់ឆ្អឹងខ្នងនៅឆ្នាំ២០១៧ ហើយបន្ទាប់ពីគាត់បានលេងព្រឹត្តិការណ៍ចំនួន១៨របស់ PGA Tour ក្នុងឆ្នាំ២០១៨ និងបានឈ្នះជើងឯកទី១៥ របស់គាត់ជាមួយនឹងជ័យជំនះក្នុងកម្មវិធី Masters ឆ្នាំ២០១៩ ។ លោក Tiger Woods បានបញ្ចប់នៅឆ្នាំ ២០១៩ជាកីឡាករវាយកូនហ្គោលក្នុងចំណាត់ថ្នាក់ទី៦របស់ពិភពលោក ៕ដោយ៖ភារៈ