ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការកើនឡើងការបោកបញ្ឆោត (Phishing) តាមអុីនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានការវាយប្រហារ បោកបញ្ឆោតតាមអុីនធឺណិត (Phishing) លើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។ ចោរបច្ចេកវិទ្យា (Hackers) បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ (SMS) ឬសារអីម៉ែលទៅអ្នកប្រើប្រាស់ដោយមានខ្លឹមសារ “Your bank account has been logged in through another platform, please verify again to protect your rights” ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងនឹងឈ្មោះធនាគាររបស់អ្នកប្រើប្រាស់។ នៅពេលអ្នកប្រើប្រាស់ចុចលើឈ្មោះដែននោះ នឹងចូលទៅគេហទំព័រក្លែងក្លាយមួយដែលមានរូបរាងនិងទម្រង់ស្ទើរតែ ដូចគ្នាទៅនឹងគេហទំព័ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗ ដូចជា ឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាពលួចចូលក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ចេញទៅ គណនីផ្សេងទៀតដែលបានគ្រោងទុកជាមុន ។
អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែនដែលមានភ្ជាប់មកតាមសារខ្លី ឬអ្វីម៉ែលនោះទេ។ សូមធ្វើការត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។ អ្នកប្រើប្រាស់មិនត្រូវធ្វើការឆ្លើយតបទូរស័ព្ទ សារខ្លី ឬអ្វីម៉ែលដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ។ ជាទូទៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនដែលស្នើសុំឱ្យអតិថិជនផ្តល់លេខគណនី លេខសំងាត់ ឬលេខកូដ OTP ឡើយ។ សូមទាក់ទងទងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរបស់អ្នក ក្នុងករណីមានការសង្ស័យថា ខ្លួនធ្លាក់ចូលអន្ទាក់ចោរបច្ចេកវិទ្យា ដើម្បីអាចជួយដោះស្រាយទាន់ពេលវេលា។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋានwww.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា