ខេត្តតាកែវ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី រួមជាមួយលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកស្រី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីរត់កម្សាន្តមហាជន ចម្ងាយ ៥ គម ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ និងការចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ ។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មកពីគ្រប់ក្រសួង ស្ថាប័ន, រួមទាំងផ្នែកឯកជន, និងក្រុមអ្នករត់ សរុបចំនួន ១,២១១នាក់ នៅបឹងតាកែវ ខេត្តតាកែវ។
ក្នុងថិរវេលាដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជា “មាសបៃតង” និង “កីឡារស់ក្នុងសន្តិភាព” ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបន្តថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យ ទេសចរណ៍ជាវិស័យអាទិភាព និងច ន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់មួយ និងបានបន្តយកចិត្តទុកដាក់ លើវិស័យកីឡា ដោយបានដាក់ចេញនូវពាក្យស្លោក “កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព” និង”ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ព្រមទាំងការជំរុញនូវចលនា“ប្រជាជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ជាពិសេសកីឡាផ្សាភ្ជាប់នឹងវិស័យ ទេសចរណ៍ ដែលបានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍៕
ដោយ៖ តារា