ខេត្តប៉ៃលិន ៖ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាល ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ។
ក្នុងពិធីនេះដែរ ក៏មានការ អញ្ជេីញចូលរួម ពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋានគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោក អធិការនគរបាល ក្រុង/ស្រុក និងនាយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទាំង០៨ ឃុំ/សង្កាត់ ផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ ស្ថានភាពភូមិសាស្រ្ត និងស្ថានភាពកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បម្រើលើសេវាសាធារណៈ និងខិតខំធានាឱ្យបាននូវសុខសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ប៉ៃលិន។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំបន្ថែមឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ។
ជាចុងក្រោយ នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាល ជាតិ ក៏បាន ឧបត្ថម្ភ ថវិកា មួយចំនួន ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងបានប្រគល់សម្ភារមួយចំនួនរួមមាន៖ អាវចំណាំងផ្លាត អាវការពារគ្រាប់ និងខ្នោះ ដៃ ផងដែរ៕
ដោយ ៖ សិលា