ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត,លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មា ធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាជាច្រើនរូបអញ្ជើញចូលរួមផងដែរ។
តាមរបាយការណ៍របស់ខេត្តបានឱ្យដឹងថាស្ថានភាពគ្រោះមហន្តរាយក្នុងឆ្នាំ២០២៤រួមមាន÷
– ទឹកជំនន់កើតមានចំនួន២លើក ប៉ះពាល់៦ក្រុង ស្រុក ,ស្រូវលិចទឹកចំនួន ១.០៥៩ហិកតា ខូចខាតចំនួន ៣៦១ហិកតា ,ដំណាំរួមផ្សំចំនួន ៩០១ហិកតា ខូចខាតចំនួន ២០២ហិកតា
– ខ្យល់កន្រ្តាក់ៈ កើតមានចំនួន១៥លើក ប៉ះពាល់ចំនួន ៥៣គ្រួសារ ស្មើនឹង ១៨៣នាក់
– រន្ទះបាញ់ៈ ២ករណី មនុស្សរងរបួស ១នាក់ ប៉ះពាល់ផ្ទះ ២ខ្នង។
– បាក់ច្រាំងទន្លេៈ ២ករណី បាក់ច្រាំងប្រវែង ៨៥០ម៉ែតរ ប៉ះពាល់ផ្ទះ ១ខ្នង។ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំអំណោយជាស្បៀងរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និយុវនិតិសម្បទាខេត្ត ចែកជូនប្រជាជនក្រីក្រ គ្រួសារងាយរងគ្រោះ សរុបចំនួន ១.៧១៧គ្រួសារ។
លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានបន្តថា ឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខអតីតយុទ្ធជន ជារៀងដរាប។ ជាពិសេសក្នុងដំណាក់កាលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តតម្លើងប្រាក់ សោធននិវត្តន៍ ដល់អតីតយុទ្ធជនរបស់យើងជាបន្តបន្ទាប់ ធ្វើឱ្យជីវិតភាពរស់នៅរបស់ពួកគាត់បាន កាន់តែប្រសើរថែមមួយកម្រិតផងដែរ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយដែលមិនបណ្តែត បណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារ តែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពី សំណាក់អាជ្ញាធរនោះឡើយ ជាពិសេស សម្តេចតែងតែចាត់ ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
ទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិសម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៤ គឺ១. ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ, ២. ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ, ៣. ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់, ៤.ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ប្រសិទ្ធភាពនៃការឆ្លើយតបក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ ។
ទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើត ឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។
ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់អនុសាសន៍ជំរុញឲ្យថ្នាក់ក្រោមជាតិបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវ ប្រាំងនេះថ្នាក់ខេត្ត ត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់ បន្ថយបានហានិភ័យ។ ទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យលោក ប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារដែលក្រីក្រទ័លលំបាកពិតប្រាកដហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនផងដែរ៕
ដោយ៖ សូរិយា