ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក សម្តេចពិជ័យសេនាទៀ បាញ់និងសម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនជាឥស្សរជន ដែលមានគុណបំណាច់លើកិច្ចការបម្រើជាតិ និងការពាររាជានិយម គឺពិតជាសក្កិសមទទួលបានការដំឡើងនូវឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទពីព្រះមហាក្សត្រ។
ថ្លែងក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានជួយ និងរួមដំណើរជាមួយសម្តេច ក្នុងរយៈពេលដ៏យូរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ «ខ្ញុំពិតជាមានមោទនភាពដោយឥស្សរជនទាំងពីរនូវ ការប្រទាន ដំឡើងឋាន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទនេះ។ ដែលជាការឆ្លើយតបទៅនឹងគុណបំណាច់ ដែលបានធ្វើការកិច្ចការបម្រើជាតិ។ បើនិយាយពីរាជនិយមមកដល់ពេលនេះ សម្តេចទាំងពីរក៏ជាអ្នករួមចំណែកទៅលើបញ្ហាការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលនៃការចាប់ផ្តើមការចរចា ទាំងការធ្វើរដ្ឋធម្មនុញ ទាំងការការពារព្រះមហាក្សត្ររហូតមកដល់ពេលនេះ ។ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រត្រូវបានធ្វើទាំងអស់ ។ ដូច្នេះ វាសក្កិសម ហើយខ្ញុំសូមកោតសរសើរ អរគុណចំពោះឥស្សរជនទាំងពីរ ដែលបានចូលរួមដំណើរជាមួយខ្ញុំ ជាមួយឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ជារាជរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរ ។»
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មាននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទចំនួន៤រូប គឺទីមួយ គឺសម្តេចតេជោហ៊ុនសែន ទីពីរ សម្តេចហេង សំរិន ទីបី សម្តេចពិជ័យសេនា ទៀ បាញ់ និងទីបួន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៕
ដោយ ៖ សិលា