ខេត្តព្រះវិហារ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមជាមួយគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ដូនជីតាជី និងប្រជាពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
តាមរបាយការណ៍របស់លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ខណៈ ប្រទេសជាតិមានសុខសន្តិភាព ទើបប្រជាពលរដ្ឋគ្រប់រូបមានឱកាសធ្វើបុណ្យ ធ្វើទាន ជាក់ស្តែងដូចជាកន្លងមកអស់រយៈពេលមួយឆ្នាំហើយនេះ ដែលពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន តែងតែបានយល់ច្បាស់អំពីគុណតម្លៃ នៃគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ហើយក៏បានស្រុះស្រួលបបួលគ្នាចំណាយនូវធនធាន ដើម្បីបោះពុម្ពគម្ពីរព្រះត្រៃបិដក បាលី និងសេចក្តីប្រែជាភាសាខ្មែរ ចំនួន ៥០០០ច្បាប់ យកមកតម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជានេះ។ ឯកឧត្តមក៏គោរពថ្លែងអំណរគុណដល់ពុទ្ធសាសនិកជន ដែលបានឧបត្ថម្ភ និងបានសហការជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញចូលរួម ក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរនាឱកាសនេះ។
ក្នុងឱកាសដ៏កម្រនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាវិសេសវិសាសណាស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ដែលជាឧបករណ៍សម្រាប់សិក្សាអប់រំរៀនសូត្រ។
លោកជំទាវបណ្ឌិតបន្តថា គម្ពីរព្រះត្រៃបិដកជាក្បួនច្បាប់ យ៉ាងសំខាន់បំផុតសម្រាប់សិក្សាអប់រំ ជូនដល់មនុស្សជាតិ ឱ្យស្ថិតនៅក្នុងសីលសមាធិបញ្ញា និងមានសមត្ថភាពប្រព្រឹត្តិ និងប្រតិបត្តិបានត្រឹមត្រូវល្អប្រសើរ ក្នុងឆាកជីវិតផ្ទាល់ខ្លួន សង្គមគ្រួសារ សង្គមជាតិ និងសាសនា ថែមទាំងមានសមត្ថភាពដឹកនាំមនុស្សជាតិឱ្យធ្វើតែអំពើល្អ ប្រកបតាមធម៌បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការអានព្រះត្រៃបិដក ជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអានព្រះត្រៃបិដកគឺមានសមត្ថភាពអាចយល់ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើឱ្យអ្នកអានព្រះត្រៃបិដកមានសេចក្តីព្យាយាមយ៉ាងមោះមុត មានសតិស្មារតីរឹងមាំ និងចេះតាំងចិត្តឲ្យនឹងនរឱ្យប្រពៃត្រឹមត្រូវប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។
លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណគណៈកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត និងប្រជាពុទ្ឋបរិស័ទ គ្រប់ទិសទី ដែលបានអញ្ជើញចូលរួម ក្នុងឱកាសនេះ និងជំរុញលើកទឹកចិត្តដល់ ប្រជាពុទ្ធបរិស័ទចូលមកសិក្សា អានស្តាប់នូវព្រះពុទ្ធវចនៈ ដែលជាពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលជាហេតុនាំឲ្យរក្សាបាននូវមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិផង ម្យ៉ាងទៀតនាំមនុស្សជាតិឲ្យបានសម្រេចមគ្គផលតាមផ្លូវកាយ សុចរិត វិចីសុចរិត និងមនោសុចរិត ប្រកបដោយប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការផងដែរ៕
ដោយ៖ សូរិយា