ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគ្រឹះស្ថានសិក្សាណា ធ្វេសប្រហែសបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមចំពោះផ្លូវច្បាប់។
លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ទោះបីជាក្រសួងអប់រំ បានអនុញ្ញាតឱ្យសាលារៀនបើកដំណើរជាធម្មតាវិញ ក៏ដោយ តែគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ សុវត្ថិភាពសុខាភិបាល ដូចជា ពាក់ម៉ាស់ មានជែលឬ អាល់កុលលាងដៃសម្លាប់មេរោគ និងចែកវេនសិក្សារបស់សិស្ស ដើម្បីរក្សាគម្លាតជាដើម។ អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថា បើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាណាមួយ មានការធ្វេសប្រហែស មិនអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឈមវិធានការច្បាប់ និងវិធានការរដ្ឋបាល តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
« ការអនុវត្តវិធានការផ្លូវច្បាប់ចំពោះការធ្វេសប្រហែស លើការអនុវត្ត គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា អង្គភាពជំនាញនៅថ្នាក់ជាតិ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក-ខណ្ឌ មានភារកិច្ចគ្រប់គ្រង និងតាមដានការអនុវត្តសេចក្ដីណែនាំនេះ ក្នុងករណីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាណា ពុំបានអនុវត្តតាមដោយយកចិត្តទុកដាក់ និងបណ្ដោយឱ្យមានការផ្ទុះឆ្លងរាលដាល នៃកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សាជាយថាហេតុ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ទាំងនោះ នឹងប្រឈមវិធានការច្បាប់ និងវិធានការរដ្ឋបាលតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ហើយតម្រូវឱ្យគ្រប់សាលារៀនរដ្ឋនៅទូទាំងប្រទេស ត្រូវអនុវត្តន៍តាម គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានខ្ជាប់ខ្ជួន៕