ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ីកញ្ញា អ៊ីញ អ៊ីញ បានបញ្ចេញសារប្រតិកម្មយ៉ាងខ្លាំងៗបកតបទៅកាន់នារីលក់អនឡាញម្នាក់ដែលបានបរិហារបង្ខូចកិត្តិយសនាងជាហូរហែ ពិសេសលើករណីទាក់ទងប្តីគេ និងគំរាមប្រើហិង្សាមកលើនាង។ សារនេះក៏ក្រោយពេលដែលនាងត្រូវបាននារីម្នាក់ដែលធ្លាប់បានស្គាល់គ្នាបានដើរបង្ខូចកិត្តិយសនាងជាបន្តបន្ទាប់។
តបទៅនឹងការចោទប្រកាន់នេះនាងថែមទាំងធ្វើការព្រមានដោយពាក្យសម្តីធ្ងន់ទៅកាន់នារីលក់អនឡាញម្នាក់នោះឲ្យបញ្ចប់សកម្មភាពនេះ ហើយពេលនេះនាងកំពុងតែប្រមូលឯកសារមួយចំនួនដើម្បីធ្វើចំណាត់ការទៅតាមផ្លូវច្បាប់។ សារដែលត្រូវបានបង្ហោះនេះនាងបានលើកឡើងបកទៅកាន់អ្នកចោទប្រកាន់នាងថា តើមានភស្តុតាងទេដែលបានចោទប្រកាន់នាងពីក្រោយខ្នង ថានាងបានទាក់ទងប្តីគេ ហើយគំរាមប្រើប្រាស់ហិង្សាថែមទៀតផង។ នាងថាប្រសិនបើនាងបានប្រព្រឹត្តិដូចការចោទប្រកាន់មែននាងស្នើឲ្យបុរសនោះចេញមុខដោះស្រាយ ឬក៏ភរិយានោះចេញមុខបញ្ជាក់មកដើម្បីឲ្យដឹងថានាងពិតជាបានធ្វើដូចការចោទប្រកាន់នោះមែន។
អ៊ីញ អ៊ីញ បញ្ជាក់ថា នាងនិងស្ត្រីដែលជាអ្នកជំនួញអនឡាញមកពីអូស្ត្រាលីនោះគឺជាអ្នកធ្លាប់ស្គាល់គ្នាហើយមានទំនាស់តិចតួចនឹងគ្នារហូតនារីម្នាក់នោះបានដើរបរិហាកេរ្តិ៍នាងគ្រប់បែបយ៉ាងដែលរួមទាំងបង្ខូចកិត្តិយសថានាងយកប្តីគេ មានសតិមិនល្អ និងគំរាមប្រើប្រាស់ហិង្សាលើនាងផងដែរ ហើយនាងមានភស្តុតាងមួយចំនួននៅក្នុងដៃផងដែរ។ នាងបានច្រានចោលការចោទប្រកាន់ទាំងនោះជាដាច់ខាត ហើយការចោទប្រកាន់កន្លងមកនាងបានរក្សាភាពស្ងៀមស្ងាត់ប៉ុន្តែសកម្មភាពនេះនៅតែបន្តដែលមិនអាចឲ្យនាងនៅស្ងៀមបានគឺជាការបំពាននាងដែលមិនអាចលើកលែងបាន។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថា តើការគំរាមធ្វើចំណាត់ការទៅតាមផ្លូវច្បាប់របស់តារាស្រីរូបនេះអាចនឹងបញ្ចប់វិវាទនេះបានដែរឬយ៉ាងណានោះទេខណៈដែលគេនៅមិនទាន់ដឹងនៅឡើយទេថាតើនារីលក់អនឡាញរូបនេះមានឈ្មោះអ្វី នៅក្នុងឬក្រៅចង្កោមអ្នកសិល្បៈនោះដែរ៕
ដោយ៖ វឌ្ឍនា