ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកូវីដ-​១៩ លើពិភពលោក នៅថ្ងៃទី​២២ខែមករា ឆ្នាំ២០២១

ចែករំលែក៖

   គិតមកដល់វេលាម៉ោង៧យប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ តាមគេហទំព័រ ​Worldometer ​នៅទូទាំងពិភពលោកមានអ្នកឆ្លងសរុប កើនឡើងដល់៩៨,១៨០,២៣៣នាក់ និងស្លាប់ ២,១០២,៥៨៨នាក់។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយ៧០,៥៨៤,០១៣នាក់ផងដែរ។
ក្នុងចំណោមតំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺអាមេរិកខាងជើង ដោយមានអ្នកឆ្លងដល់ទៅជាង ២៨,៧លាននាក់ នាំមុខទាំងតំបន់អឺរ៉ុបទៅទៀត និងស្លាប់​ជាង ៦០៧ពាន់នាក់។ អ្នកឆ្លងថ្មីនៅក្នុងតំបន់នេះមានជាង២៣ពាន់នាក់ក្នងរយៈពេល​២៤ម៉ោង។
ចំណែកតំបន់អឺរ៉ុបវិញ មានអ្នកឆ្លង ២៨,៥លាននាក់ ស្លាប់៦៥៣ពាន់នាក់ និងឆ្លងថ្មីមានជាង៥៩ពាន់នាក់ ក្នុងពេល​២៤ម៉ោង​។ តំបន់អាស៊ី មានអ្នកឆ្លងសរុបជាង​២២,៣លាននាក់​ និងស្លាប់​ជាង៣៦១ពាន់នាក់​ ។ តំបន់អាមេរិកខាងត្បូង មានអ្នកឆ្លងជាង១៥លាននាក់ និងស្លាប់ជាង ៣៩៦ពាន់នាក់ ។ តំបន់អាហ្វ្រិកមានអ្នកឆ្លង​៣,៣លាននាក់ និងស្លាប់៨២ពាន់នាក់ ។ ទ្វីបអូសេអានីមានអ្នកឆ្លង៤៩ពាន់នាក់ ស្លាប់ជាង​១ពាន់នាក់។
ដោយឡែកនៅក្នុងតំបន់អាស៊ានក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ ​ហើយអ្វីដែលចាប់អារម្មណ៍នោះគឺប្រទេសឡាវ ក៏បានរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួនពីរនាក់ថ្មីទៀត នាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៤៣ករណី។
បើតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវលោក Phouthone Meaungpak បានគូសបញ្ជាក់ថា ករណីវិជ្ជមានចំពោះ កូវីដ-១៩ទាំងពីរនាក់ខាងលើនេះ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសថៃ ដោយក្នុងនោះម្នាក់គឺជាស្ត្រីវ័យ ៣៣ឆ្នាំ រស់នៅខេត្តចម្ប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ និងម្នាក់ទៀតជាបុរសវ័យ២៩ឆ្នាំរស់នៅខេត្ត បូកែវ (Bokeo) ស្ថិតនៅភាគខាងជើង។ឡាវគឺជាប្រទេសដែលមានករណីឆ្លង COVID-19 តិចតួចជាងគេបំផុតប្រចាំតំបន់អាស៊ាន និងពិភពលោកផងដែរ។ គិតត្រឹមថ្ងៃសុក្រនេះ ឡាវមានករណីឆ្លង COVID-19 សរុប៤៣ករណី ក្នុងនោះជាសះស្បើយឡើងវិញ ៤១ករណី និង២ករណីថ្មីខាងលើនេះកំពុងស្ថិតក្នុងការព្យាបាល៕ដោយ៖ធី រីណា

ដោយ៖ ធី រីណា


ចែករំលែក៖