អន្តរជាតិ៖ សុនខគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានភាពវៃឆ្លាត និងស្មោះត្រង់ចំពោះម្ចាស់ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀតហើយវាប្រៀបបីដូចជាសមាជិកម្នាក់នៅក្នុងគ្រួសារយើងផងដែរ។
ជាក់ស្ដែង នាពេលថ្មីៗនេះសារព័ត៌មាន CNN បានចុះផ្សាយពីភាពស្មោះស្ម័គ្រនៃសុនខមួយក្បាល ដែលស៊ូទ្រាំរង់ចាំម្ចាស់របស់វាដោយអត់ធ្មត់រយៈពេល៦ថ្ងៃ នៅឯច្រកចូលមន្ទីរពេទ្យមួយ ស្ថិតនៅភាគឦសានប្រទេសតួកគី រហូតដល់ម្ចាស់របស់វាជាសះស្បើយ ហើយអាចចាកចេញពីមន្ទីរពេទ្យនោះវិញ។
សារព័ត៌មាន CNN បាននិយាយថា នៅពេលលោក Cemal Senturk ដែលជាម្ចាស់សុនខ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យMedical Park ក្នុងទីក្រុង Trabzon កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅនេះ សុនខរបស់លោកឈ្មោះ Boncuk ស្រាប់តែរត់ចេញពីអាផាតមិនដែលរស់នៅ ដេញតាមពីក្រោយរថយន្ដរហូតដល់មន្ទីរពេទ្យ និងរង់ចាំលោកនៅទីនោះរៀងរាល់ថ្ងៃ។
យ៉ាងណាមិញ បុគ្គលិកមន្ទីរពេទ្យក៏បានជូនដំណឹងដល់សមាជិកគ្រួសារលោក Senturk ហើយបាននាំវាត្រឡប់ទៅផ្ទះវិញផងដែរ។ ប៉ុន្ដែបន្ទាប់មកBuncuk ក៏បានលួចរត់ចេញពីអាផាតមិន មកកាន់មន្ទីរពេទ្យសាជាថ្មី ដែលនៅមិនឆ្ងាយគ្នានោះទេ ហើយរង់ចាំម្ចាស់របស់វានៅទីនោះ រហូតទាល់តែជាសះស្បើយតែម្ដង។
គួរបញ្ជាក់ថា លោក Senturk ក្រោយចាកចេញពីមន្ទីរពេទ្យវិញ បានឲ្យដឹងថា Boncuk រស់នៅជាមួយលោកអស់រយៈពេល៩ឆ្នាំមកហើយហើយលោកពិតជានឹកវាខ្លាំងណាស់ ក្នុងអំឡុងពេលដេកព្យាបាលក្នុងមន្ទីរពេទ្យ៕
តោះបេីចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោម៖