ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍លើផេកផ្លូវការថា កម្ពុជាក៏មានលទ្ធភាពចូលរួមក្នុងបេសកកម្មដើម្បីមនុស្សជាតិជាច្រើនទៀត រួមមាន ការចូលរួមបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ និងជួយប្រទេសជាមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩។
សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះទៀត, កម្ពុជាដែលជាប្រទេសសល់ពីផេះផង់នៃសង្គ្រាម ប្រជាជនរកតែអង្ករច្រកឆ្នាំងគ្មាន ហើយត្រូវរស់នៅដោយការភ័យខ្លាចគ្មានស្រាកស្រាន្តនោះ បានប្រែក្លាយជាប្រទេសមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍ កម្ពុជាមិនត្រឹមតែបានធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋខ្លួន មានភាពសម្បូរសប្បាយប្រសើរឡើងប៉ុណ្ណោះទេ កម្ពុជាក៏មានលទ្ធភាពចូលរួមក្នុងបេសកកម្មដើម្បីមនុស្សជាតិជាច្រើនទៀត រួមមាន ការចូលរួមបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ និងជួយប្រទេសជាមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩៕
ដោយ៖ សិលា