ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការរក្លែងបន្លំ ហៅកាត់ (.ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌហើយបានរកឃើញទំនិញខូចគុណភាពចំនួន៨០០គីឡូក្រាម និងបាននាំយកទៅធ្វើការដុតកម្ទេចចោលភ្លាមៗផងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា មន្ត្រីជំនាញ ក.ប.ប. កន្លងមកកម្លាំងរបស់លោកបានសហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចុះឆែកឆេរ រកទំនិញណាដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព មាននៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ្ឌ និងតាមបណ្តាស្រុកនានា។ នៅពេលនោះមន្ត្រីជំនាញបានធ្វើការឆែកឆេរនៅតាមបណ្តាតូប តាមផ្ទះលក់ទំនិញ ម៉ាត ជាលទ្ធផលបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងក្រុងប៉ោយប៉ែត មានដូចជាស្រាបៀរប្លេកផេនធ័រ ទឹកក្រូចហ្វាន់តា ប័រកំប៉ុង មីកំប៉ុង ចំនួនប្រមាណ៨០០គីឡូក្រាមរួចក៏ដកហូតទុក។រាល់មុខទំនិញដែលមន្រ្តីជំនាញធ្វើការដកហូតនេះ បាននាំយកទៅធ្វើការដុតកម្ទេចចោល។ តែមុខទំនិញណាដែលដុតមិន ឆេះដូចជា ប្រភេទទឹក ភេសជ្ជៈផ្សេងៗទៀត មន្រ្តីជំនាញបានយកទៅកែច្នៃធ្វើជាជីធម្មជាតិ ចែកជូនដល់កសិករ ដើម្បីយកទៅប្រើប្រាស់ស្រោចស្រព ដំណាំបន្លែ ប្រភេទកសិកម្មរបស់ពួកគាត់ទៀតផង៕
ដោយ៖ ប្រាថ្នា