នៅតំបន់អឺរ៉ុបមានការណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ បើទោះបីបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋជាច្រើននាពេលកន្លងមកក្តី។ នៅពេលនេះក្នុងប្រទេសបារាំងមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ ក្នុងនោះមានអ្នកចូលមន្ទីរពេទ្យកាន់តែច្រើន។ រដ្ឋាភិបាលបារាំងមានគម្រោងបិទប្រទេសជាលើកទី៣ ដែលចាប់ផ្តើមនៅដើមខែកុម្ភៈ។
តាមតួលេខរបស់ក្រសួងសុខាភិបាលបារាំង កាលពីថ្ងៃទី២៤ ខែមករា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩បានកើនឡើង ក្នុងនោះអ្នកដែលត្រូវចូលមន្ទីរពេទ្យព្យាបាល កើនឡើងដល់ទៅ៤៩៣នាក់ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២០មកទល់ពេលនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដស្ថិតនៅក្នុងកម្រិតធ្ងន់ ចូលសម្រាកក្នុងមន្ទីរពេទ្យ កើនឡើងដល់ទៅ២៦.៣៩៣នាក់។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល២៤ម៉ោងកន្លងមក បារាំងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ជាង១៨ពាន់នាក់។ ប៉ុន្តែចំនួនអ្នកឆ្លងតិចជាងមួយថ្ងៃមុននេះដែលមានអ្នកឆ្លងជាង២៣.៤ ពាន់នាក់។
តាមគម្រោង រដ្ឋាភិបាលបារាំងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៧ខែមករា ដើម្បីពិភាក្សាលើវិធានការទប់ស្កាត់កូវីដ-១៩ ជាថ្មី។ ចាប់ពីថ្ងៃទី ៦ខែកុម្ភៈ បារាំងនឹងសម្រាករដូវរងារយៈពេល២សប្តាហ៍ ។ ចំណែកតំបន់ផ្សេងៗនឹងមានការឈប់សម្រាកខុសៗគ្នា។
មន្ត្រីសុខាភិបាលបារាំងបានប្រកាសថា នឹងស្នើឲ្យចាក់វ៉ាក់សាំងឲ្យបានច្រើនបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពបំផុត។ តាមគម្រោង គិតទៅដល់ពាក់កណ្តាលខែមេសា បារាំងអាចនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋពី៦-៨លាននាក់ ៕ ដោយ៖ធី រីណា
រូបភាព៖ AFP/TTXVN