អន្តរជាតិ៖ បើយោងតាមក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស បានធ្វេីការសិក្សាថ្មីមួយ ដោយបានបង្ហាញថា សព្វថ្ងៃនេះបរិមាណផ្ទាំងទឹកកករបស់ផែនដីយើង កំពុងតែជួបប្រទះការរលាយ ក្នុងកម្រិតយ៉ាងឆាប់រហ័សខ្លាំង បើធៀបនឹងកាលពីអំឡុងពាក់កណ្តាលទសវត្សរ៍១៩៩០។
ជាក់ស្តែងបើតាមសារព័ត៌មាន CNA បានដកស្រង់ចុះផ្សាយនៅព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១នេះថា យោងតាមការសិក្សាថ្មីខាងលើ ដែលត្រូវបានចងក្រងដោយ ក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស បានអះអាងនៅថ្ងៃចន្ទទី២៥ មករាម្សិលមិញថា ទឹកកកប្រហែល ២៨ទ្រីលានតោនបានរលាយនៅលើផែនដី គិតចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០មកទល់នឹងពេលនេះ។ បើគិតជាអត្រាប្រចាំឆ្នាំ កម្រិតរលាយទឹកកកបច្ចុប្បន្ននេះ ស្ថិតនៅកម្រិត ៥៧ភាគរយលឿនជាង កម្រិតរលាយទឹកកកកាលពីជិត៣ទសវត្សរ៍មុន។
ក្រុមអ្នកវិទ្យាសាស្រ្តដដែល បន្តថា តាមរយៈការប្រើប្រាស់ទិន្នន័យពីផ្កាយរណបចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ បានគណនាឃើញថាពិភពលោកបានបាត់បង់ទឹកកកជាមធ្យម ០.៨ទ្រីលានតោនក្នុងមួយឆ្នាំ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះវិញផែនដីបានបាត់បង់ទឹកកកជាមធ្យមដល់ទៅ ១.២ទ្រីលានតោនក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា នាពេលកន្លងមក ការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀតដោយក្រុមអ្នកវិទ្យាសាស្រ្តនៅជុំវិញពិភពលោក ក៏បានរកឃើញពីអត្រាគួរឲ្យបារម្ភ នៃការរលាយផ្ទាំងទឹកកកលើផែនដី ក៏ដូចជាការកើនឡើងកម្តៅនៃភពរបស់យើងផងដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ