ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី គន់ គីម ជំរុញដល់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាត្រូវតែបន្តរកដីធ្លីសម្រាប់ផ្ដល់ជូនគ្រួសារអតីតយុទ្ធដែលគ្មានលទ្ធភាព គ្មានដីគ្មានផ្ទះស្នាក់នៅសមរម្យ

ចែករំលែក៖

      ខេត្តព្រះវិហារ៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញដល់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាត្រូវតែបន្តរកដីធ្លីសម្រាប់ផ្ដល់ជូនគ្រួសារអតីតយុទ្ធដែលគ្មានលទ្ធភាព គ្មានដីគ្មានផ្ទះស្នាក់នៅសមរម្យ ត្រូវខិតខំដោះស្រាយគ្រប់លទ្ធភាពឲ្យពួកគាត់បានរស់នៅល្អសមរម្យ ដើម្បីតបស្នងសងគុណបំណាច់ និងការលះបង់របស់ពួកគាត់ដែលធ្វើពលីកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ដោយស្មើភាព និងមិនរើសអើងនិន្នាការអ្វីឡើយ។

លោក ទេសរដ្ឋមន្ត្រី បានជំរុញបែបនេះនាព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១នេះ នៅទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្ត ឆ្នាំ២០២១ របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលពិធីនេះមានការចូលរួមពីសំណាក់ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានកិត្តិយស សមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ និងមានការចូលរួមពី  អស់លោក លោកស្រីសមាជិការ ប្រធាន អនុប្រធានសាខាសមាគម ក្រុមការងារតាមបណ្ដាអង្គភាពចំណុះខេត្តព្រះវិហារ ជាច្រើនរូបទៀត។

តាមរបាយការណ៍របស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានកិត្តិយស សមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឲ្យដឹងថាសមាគមបានចុះជួយដល់ប្រជាពលរដ្ឋជួបបញ្ហាក្នុងឆ្នាំ២០២០ បានល្អប្រសើរ។ ចំណែកការគ្រប់គ្រងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ មានអតីតយុទ្ធជន ចំនួន២១៤៥នាក់ ចំនួននាក់បានចូលជាសមាជិកសមាគមន ១៨២១នាក់ រួមមានជនពិការ៧៤៩នាក់ និវត្តនជន៧១៧នាក់ បាត់បង់សមត្ថភាព៥៩នាក់ គ្រួសារពលី២៥៣នាក់ គ្រួសារជនមរណៈ៤៣នាក់ផងដែរ។ ចំណែកសកម្មភាពសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងឆ្នាំ២០២០ បាន១៨ខ្នង និងគិតជាសរុបត្រឹមខែមករាឆ្នាំ២០២១នេះ បានចំនួន៧១ខ្នងផ្ទះផងដែរ។ អំពីការងារប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ គឺសមាគមបានបើកប្រាក់ជូនគ្រួសារសពអតីតយុទ្ធជនទាន់ពេលវេលា ជាសរុបនៅក្នុងឆ្នាំ២០២០កន្លងទៅ មានចំនួន ៣០គ្រួសារ ស្មើថវិកា១២០លានរៀល៕

ដោយ៖ សិលា


ចែករំលែក៖