ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​សំណង់ម្នាក់​​​ស្លាប់​ បន្ទាប់ពីវាយ​ជញ្ជាំង​បេតុង​នៅ​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ចិន​មួយកន្លែងបាក់​សង្កត់​លេី ខណៈ​បុរស​២​នាក់​ទៀតរត់ចេញទាន់

ចែករំលែក៖

    ភ្នំពេញ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​​បាន​ស្លាប់យ៉ាង​អាណោចអាធ័ម​ បន្ទាប់ពីរូប​គាត់ និង​បុរស​២​នាក់​ទៀត​ ជា​អ្នកធ្វើការ​ជាមួយ​គ្នា​(​សរុបគ្នា​៣​នាក់​) បាន​នាំ​គ្នា​វាយ​ជញ្ជាំង​បេតុង​នៅ​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ចិន​មួយ​កន្លែង​ជិត​ដួល ហើយ​ក៏​នាំ​គ្នា​ទៅ​រុញ​ផ្តួល​នោះ ក៏​ស្រាប់តែ​បាក់​សង្កត់​តែ​ម្តង។

ហេតុការណ៍នេះ​ បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភោជនីយ​ដ្ឋាន​ចិន​មួយ​កន្លែង ផ្លូវ​ចៃ​កា(​ម្តុំ​ខាងក្រោយ​ស្ថានទូត​រុ​ស្ស៊ី​) ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន​។

សពបុរស​រង​គ្រោះ​មានឈ្មោះ សៀង ធា​វី អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​រុន ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សីខេត្តបាត់ដំបង​។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុន​ពេល​កើតហេតុបុរស​ជា​កម្មករ​សំណង់​រង​គ្រោះ រួម​នឹង​បុរស​ជា​កម្មករ​សំណង់​ធ្វើ​ការងារ​ជាមួយ​គ្នា​ចំនួន​២​នាក់​ទៀត (​សរុបគ្នា​៣​នាក់​) បាន​នាំ​គ្នា​វាយ​ជញ្ជាំង​បេតុង​មួយ​ខាងក្នុង​ហាង​ម្ហូប​ចិន​ខាងលើ​។

ប្រភព​ដដែលបន្ត​ថា នៅ​ពេល​ដែល​ក្រុម​កម្មករ​សំណង់​ទាំង​៣​នាក់​បាន​វាយ​ជញ្ជាំង​ដាច់​ជើង​ខាងក្រោម​ស្ទើរតែ​អស់ហើយ​នោះ ក៏​បាន​នាំ​គ្នា​ទៅ​រុញ​បន្ថែមដើម្បី​ឱ្យ​ដួល ក៏​ស្រាប់តែ​បាក់​រលំ​សង្កត់ពីលើ​បុរស​ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ជាប់​តែ​ម្តង ចំណែក​បុរស​២​នាក់​ទៀត​ស្ទុះ​រត់​ចេញ​ទាន់ និង​មិន​រង​របួស​អ្វី​ឡើយ​។​ ភ្លាម​ៗ​នោះ ក្រុម​កម្មករ​សំណង់​ដែល​ធ្វើការ​ជាមួយ​គ្នា​នាំ​គ្នា​វាយ និង​លើក​ជញ្ជាំង​ថ្ម​បេតុង​នោះ​ចេញ ដើម្បី​ជួយ​សង្គ្រោះ​បុរស​រង​គ្រោះ តែ​ជា​អកុសល​រូប​គាត់​បាន​ដាច់ខ្យល់ស្លាប់បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​ម្ហូប​ចិន​កើតហេតុ​ខាងលើ និង​ប្រគល់​សាកសព​បុរស​កម្មករ​សំណង់​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

ដោយ៖សហការី


ចែករំលែក៖