ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចជំនុំជម្រះផ្ទាល់ឱ្យដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជល់មាន់ដែលសមត្ថកិច្ចឃាត់ខ្លួននៅអង្គស្នួលឱ្យមានសេរីភាពឡើងវិញហើយ។
មជ្ឈដ្ឋានជាច្រើនកំពុងមានចម្ងល់ថា ហេតុអ្វីលោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជល់មាន់ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួលឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលបានសម្រេចធ្វើការចោទប្រកាន់ពីបទ លេងល្បែងស៉ីសងដោយខុសច្បាប់ពុំរាងចាល តាមមាត្រា៤ កថាខណ្ឌ២ ស្តីពីការបង្ក្រាបល្បែងស៉ីសង។
មាត្រា៤ កថាខណ្ឌ២ ស្តីពីច្បាប់បង្ក្រាបល្បែងសុីសង៖ ជនណាលេងល្បែងស៉ីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០០០០៛) ដល់ប្រាំម៉ឺនរៀល(៥០០០០៛) ឬជាប់គុកពីមួយសប្តាហ៍ ទៅ១ខែដល់១ឆ្នាំ ។
ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ប្រាំម៉ឺនរៀល(៥០០០០៛) ទៅប្រាំសែនរៀល(៥ ០០.០០០៛) និងដាក់គុកពី១ខែទៅ១ឆ្នាំ។
ក្នុងប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤និង២៥នាទី នៅចំណុចគុម្ពោតព្រៃខាងកើតភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្សយ័ទី១-ឈ្មោះ អ៊ុ សំអាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី២-ឈ្មោះ ឈឿង សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ៣គ្រឿងម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1GB-9447 ពណ៌ខ្មៅ១គ្រឿង, ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ
1FL-4959 ចំនួន១គ្រឿង និងម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH- 6557 ចំនួន១គ្រឿង, សត្វមាន់ជល់២ក្បាល, ជញ្ជីងថ្លឹងមាន់១គ្រឿង, កូនឆ្នាំង២, ចង្រ្កានហ្គាស១, កំប៉ុងហ្គាស២,ថង់ជរ័១ និងកម្រាលព្រំ១ ។
នគរបាលស្រុកអង្គស្នួលបានប្រាប់អោយដឹងថា នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១ វេលាម៉ោង១៤និង២៥នាទីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រិច បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅគុម្ពោតព្រៃខាងកើតភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល មានលេងល្បែងស៊ីសងបញ្ជល់មាន់។ ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម នគរបាលប៉ុស្តិ៍ទួលព្រិចបានរាយការណ៍ជូនលោកអធិការស្រុកអង្គស្នួល ហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រិចសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់បានចុះទៅដល់ទីតាំងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមួយចំនួនដូចខាងលើ៕ដោយ៖ ឆ ដា