ព័ត៌មានទាន់ហេតុការណ៍៖

នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរ

ចែករំលែក៖

     ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួន បុរសម្នាក់ ដែលធានារត់ការចូលសញ្ជាតិខ្មែរអោយថៅកែជនជាតិចិន៣នាក់ ហើយស៊ីដាច់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារអាមេរិក បញ្ជូនមកកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ។

សូមជម្រាបជូនថា, សមត្ថកិច្ចបានបញ្ជាក់អំពីដំណើររឿង គឺកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ហ្គោលវែល ដាក់ពាក្យសុំចូលសញ្ជាតិខ្មែរអោយថៅកែចិន៣នាក់ គឺ ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។

បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល ។ បន្ទាប់មកទៀតលោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦ម៉ឺនដុល្លារឲ្យមកឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើការនេះ ។

លុះដល់ថ្ងៃកំណត់មកដល់មិនឃើញមានការកោះហៅ ដើម្បីស្បថប្រកាសចូលសញ្ជាតិសោះឡើយ ហើយឈ្មោះ ស៊ិន ដាវុធ បានគេចខ្លួនបាត់រហូត ទើបដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ លោក Chan kam fung Jane បានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ពេលនោះជន សង្ស័យ បានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយសន្យាថានឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះមិនឃើញសងប្រាក់វិញសោះទើបលោក Chan kam fung Jane ដាក់ពាក្យប្ដឹងតែម្ដង។
ចំពោះបញ្ហារត់ការបែបនេះ គឺកើតមានច្រើនមួយរយៈកន្លងទៅ ខណៈដែលជនជាតិចិនយ៉ាងច្រើនបានមករកស៊ី នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ត្រូវការបានសញ្ជាតិ ដើម្បីរកស៊ី និងដើម្បីទិញអចលនវត្ថុផ្សេងៗ។ បើករណីការស្នើសុំចូលសញ្ជាតិ ស្របតាមនីតិវិធីរបស់ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា នោះមិនជាអ្វីទេ ប៉ុន្តែមានបុគ្គលខូចមួយចំនួន បានឆបោក និងរំលោភសេចក្តីទុកចិត្ត ទៅលើក្រុមជនជាតិចិន ។ ជាក់ស្តែងដូចជាករណីខាងលើនេះជាភ័ស្តុតាងស្រាប់៕

ដោយ៖ សិលា


ចែករំលែក៖