ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យមាឃបូជា

ចែករំលែក៖

    ខេត្តកណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជា អធិបតី ក្នុង ពិធីបុណ្យ មាឃបូជា ដែល ប្រព្រឹត្តទៅ នៅ ព្រះមហា សក្យមុនី ចេតីយ៍ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) និងពិធីរាប់បាត្រ ព្រះសង្ឃ ៨០អង្គ ស្ថិតនៅក្នុងស្រុក ពញាឮ ខេត្តកណ្តាល នៅ ព្រឹក ថ្ងៃ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព . ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ។

តាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាស បានបញ្ជាក់ថាប្រភពនៃបុណ្យ មាឃបូជា មាន២យ៉ាង៖

ប្រភពទី១៖ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌រមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។

ប្រភពទី២៖ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

សម្រាប់ពុទ្ធសាសនិកកម្ពុជាយើង ក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូចប្រទេសកាន់ព្រះពុទ្ធដ៏ទៃទៀតដែរ ពោលគឺចាប់តាំងពីរជ្ជកាល ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មករាជរដ្ឋាភិបាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕

ដោយ៖ សិលា


ចែករំលែក៖