អន្តរជាតិ៖ បេក្ខភាពលោក ង្វៀន ភូជុង អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម ត្រូវបានចាត់ទុកថា៖ ជាករណីពិសេសមួយសម្រាប់ប្រទេសវៀតណាម ខណៈដែលលោក ត្រូវបានបក្សកុម្មុយនីស្តវៀតណាមជ្រើសតាំងឱ្យឈរឈ្មោះបោះឆ្នោតប្រជែងតំណែងអគ្គលេខាធិការបក្សសម្រាប់អាណត្តិទី៣។ ជាក់ស្តែងការជ្រើសតាំងលោក ង្វៀន ភូជុង ឱ្យឈរឈ្មោះអាណត្តិទី៣ ជារឿងដ៏កម្រ ព្រោះវិន័យបក្សហាមមិនឱ្យបុគ្គលណាកាន់តំណែងនេះលើសពីពីរអាណត្តិនោះឡេីយ។
បច្ចុប្បន្នលោក ង្វៀន ភូជុង អគ្គលេខាធិការបក្ស ត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់អាណត្តិទីបី។ បេក្ខភាពរបស់លោក ង្វៀន មានវ័យ៧៦ឆ្នាំត្រូវបានកំណត់អំឡុងពេលកិច្ចប្រជុំគណៈមជ្ឈិមបក្សនៃសមាជទី១២ ។
បេីតាមលោក Hau A Lenh អគ្គលេខាធិការនៃរណសិរ្សមាតុភូមិវៀតណាម បានប្រាប់សារព័ត៌មានរដ្ឋវៀតណាម Tien Phong យ៉ាងដូច្នេះថា៖«លោកអគ្គលេខាធិការបក្ស និងប្រធានាធិបតី ង្វៀន ភូជុង បើទោះបីជាមានវ័យច្រើនជាងអាយុកំណត់មែន ត្រូវបានជ្រើសតាំងឱ្យឈរឈ្មោះបោះឆ្នោតក្នុងនាមជាបេក្ខជនពិសេស»។
សូមជម្រាបថា សមាជបក្សកុម្មុយនីស្តវៀតណាម បើកជាផ្លូវការនៅថ្ងៃទី២៦ខែមករា ដោយនឹងចំណាយពេល៨ថ្ងៃ ក្នុងការជ្រើសរើសអគ្គលេខាធិការបក្សប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ បន្ថែមពីនេះសមាជ នឹងសម្រេចលើគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការតម្រង់ទិសឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៤៥។
បើយោងតាមធម្មនុញ្ញបក្សកុម្មុយនីស្តវៀតណាម បេក្ខភាពសមាជិកគណៈមជ្ឈិម ត្រូវមានអាយុក្រោម៦០ឆ្នាំ ឯបេក្ខភាពសមាជិកការិយាល័យនយោបាយ ត្រូវមានអាយុក្រោម៦៥ឆ្នាំ ទើបអាចឈរឈ្មោះបាន។ ចំណែកនៅថ្ងៃទី២២ ខែមករាកន្លងទៅ លោក Mai Van Chinh អនុប្រធានគណៈចាត់តាំងនៃគណៈមជ្ឈិមបក្សនិយាយថា សមាជបក្សលើកទី១៣ នឹងពិនិត្យលើការកំណត់នេះក្នុងកិច្ចប្រជុំរបស់ខ្លួន។
បើមែនទែនទៅលោក ង្វៀន ភូជុង ពុំសូវជាមានសុខភាពល្អប៉ុន្មានឡើយ។ខណៈលោកកាន់តំណែងជាអគ្គលេខាធិការបក្ស តាំងពីឆ្នាំ២០១០ហើយនៅឆ្នាំ២០១៨ លោកទទួលតំណែងជាប្រធានាធិបតី។ លោកត្រូវបានគេចាត់ទុកជាមនុស្សមានឥទ្ធិពលក្នុងជួរបក្សដោយគោលនយោបាយប្រឆាំងអំពើពុករលួយ។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំត្រៀមកាលពីដើមខែមករាគណៈមជ្ឈិមបក្សយល់ថា លោក ង្វៀននៅតែមានលទ្ធភាពដឹកនាំបក្សដដែល។
ដោយឡែកចំពោះការជ្រើសរើសថ្នាក់ដឹកនាំវៀតណាមត្រូវធ្វើឡើងដោយសម្ងាត់ និងតាមរយៈការមូលមតិគ្នាដើម្បីជ្រើសរើសបេក្ខជនសម្រាប់តំណែងកំពូលទាំង៤ ក៏ដូចជាសមាជិកការិយាល័យនយោបាយផងដែរ។ដោយសារតែការជ្រើសរើសនេះ ធ្វើឡើងដោយសម្ងាត់និងមានសម្បទានទៅវិញទៅមកនេះហើយ ទើបមានករណីលើកលែងដូចជាបញ្ហាអាយុសុខភាព និងចំនួនអាណត្តិជាដើម។
លោក ង្វៀន ភូជុង ការតែតាំងឱ្យឈរឈ្មោះជាអគ្គលេខាធិការបក្សអាណត្តិទី៣ មិនខុសអ្វីពីឯកសារដែលបានបែកធ្លាយ និងចែកចាយលើបណ្តាញសង្គមតាំងតែពីថ្ងៃទី២១ ខែមករា ឡើយ។ ឯកសារដែលបែកធ្លាយនេះបង្ហាញថាលោក ង្វៀន ភូជុង បន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ចំណែកលោកនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក នឹងកាន់តំណែងប្រធានាធិបតីវៀតណាមវិញ។
គួរបញ្ជាក់ថា ចំណែកតំណែងប្រធានសភាវិញ បានទៅលោក Vuong Dinh Hue អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដែលបច្ចុប្បន្នជាលេខាបក្សក្រុងហាណូយ ខណៈតំណែងនាយករដ្ឋមន្ត្រីបានទៅលោកPham Minh Chinh ប្រធានគណៈចាត់តាំងបក្សកុម្មុយនីស្តវៀតណាម។ក្រៅពីតំណែងកំពូលទាំង៤ សមាជក៏ជ្រើសរើសសមាជិកគណៈមជ្ឈិម២០០រូប ដែល១៨០រូបជាសមាជិកពេញសិទ្ធិនិង២០រូបជាសមាជិកបម្រុង៕ដោយ៖ស តារា
លោក ង្វៀន ភូជុង អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម
(រូបភាព៖ឯកសារ)