ភ្នំពេញ ៖ បុរសម្នាក់ជាជាងជួសជុលរថយន្ត ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវបានរថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេហ្គោលដិនថោន តាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ថៃ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃេីញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-1749 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BP-2773 ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះភាគីខាងម៉ូតូប៉ើងជិត៣០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ចំណែកម៉ូតូរងគ្រោះមើលលែងចង់ស្គាល់។ ភ្លាមនោះតៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដេីម្បីធ្វើការសួរនាំ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍តាមក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់។ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ