ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងក្មេងស្រីម្នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលឱ្យដឹងថា នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយប្រេងPTT ក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿង (មិនទាន់ស្គាល់ម៉ាក) បើកចេញពីក្រុងព្រះសីហនុ បានបុកម៉ូតូ១គ្រឿង ម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលអ្នកបើកបរឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅ ស្របគ្នា បណ្ដាលឱ្យក្មេងប្រុសឈ្មោះ ឈិក សូរិយា ជាអ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចហើយ សពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អ្នកបើកបរម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើកបន្តទៅមុខគេចបាត់ពីកន្លែងកើតហេតុ ដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកបន្ត ៕ឆ្លាម សមុទ្រ


ចែករំលែក៖