ភ្នំពេញ៖ ពិធីផ្ទេរតំណែងយ៉ាងតក់ក្រហល់មួយត្រូវបានរៀបចំធ្វើឡើងក្រោយបញ្ចប់រឿងចម្រូងចម្រាសរវាងអតីតកញ្ញាឯក សេង រដ្ឋា និងក្រុមហ៊ុនផលិតកម្មវិធី ។ ម្ចាស់មកុដកញ្ញាឯក Miss Grand 2020 ត្រូវបានផ្ទេរទៅឲ្យកញ្ញាឯករងលំដាប់ទី២កញ្ញា លីវ ជីលី ខណៈជ័យលាភីលំដាប់រងទី៣ត្រូវឡើងមកលំដាប់រងទី១ និងលំដាប់រងទី៤ត្រូវឡើងមកលំដាប់រងទី២វិញ។គេដឹងដែរថាការចេញទៅប្រកួតក្នុងកម្មវិធីMiss Grand International 2020 នៅព្រះរាជាណាចក្រថៃ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមីនាខាងមុខនេះហើយពោលគឺនៅពេលត្រឹមតែ១ខែទៀតប៉ុណ្ណោះដើម្បីធ្វើការហ្វឹកហាត់។
កញ្ញា លីវ ជីលី ដែលជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី២ និងជាអតីតបេក្ខភាពតំណាងខេត្តបន្ទាយមានជ័យ នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ ។ នាងធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងវគ្គបង្ហាញសមត្ថភាពលើកដំបូងជាមួយនឹងដើមទ្រូងដ៏ទ្រលុកទ្រលន់នោះ ។ ទោះជាយ៉ាងណានាងបញ្ជាក់ដែរថា ពេញមួយតួខ្លួនរបស់នាងគឺពិតមិនបានកែច្នៃឡើយ ។ កញ្ញា លីវ ជីលី បានបញ្ជាក់ថាវាពិតជាលឿន និងមិននឹកស្មានដល់ព្រោះនាងមិនដែលបានគិតដល់ចំណុចនេះទេ។ នាងថា រយៈពេល១ខែគឺពិតជាខ្លី ហើយអ្វីដែលនាងប្រឹងប្រែងខ្លាំងគឺការហ្វឹកហាត់ដើរដើម្បីកាន់តែបន្ថែមទំនុកចិត្តដែលនាងមានស្រាប់។នាងថាក្រោយបញ្ចប់ការប្រកួតនាងមិនបានធ្វើការហ្វឹកហាត់អ្វីឡើយទើបតែចាប់ផ្តើមនាពេលនេះដែលនាងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ហើយនាងស្នើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត បញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន។
ចំណេកលោកអុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សវិញបានលើកឡើងថា ក្រុមហ៊ុនបានត្រៀមគ្រប់សព្វដើម្បីថែទាំ ហ្វឹកហាត់ទាំងការដើរបង្ហាញម៉ូដឆ្លើយសំណួរ និងសកម្មភាពផ្សេងៗដើម្បីប្រាកដថានឹងអាចក្លាយជាបេក្ខនារីតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិបាន។ លោកថាបញ្ហាដែលកើតឡើងកន្លងមកនឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ការផលិតកម្មវិធីលើកក្រោយ ហើយបើទោះបីជានៅសល់ពេលមិនច្រើនក្តីប៉ុន្តែផលិតកម្មនឹងខិតខំពង្រឹងសមត្ថភាពកញ្ញាឯកតំណាងជាតិតាមលទ្ធភាពនិងដើម្បីបញ្ចប់ការគិតថាត្រឹមតែជាបេក្ខនារីអមឆាក ដែលសូម្បីតែឈុតតំណាងជាតិ ឈុតរាត្រីសមោសរសម្រាប់កញ្ញាឯកគ្រងក៏បានត្រៀមរួចជាស្រេចដែរ៕
ដោយ៖ វឌ្ឍនា