ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយខាងទៀតជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅលើផ្លូវជាតិលេខ១ត្រង់ចំណុចភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ស្ត្រីចំណាស់ដែលខ្វះការប្រុងប្រយ័ត្នមានឈ្មោះ មាស សាមី អាយុ៥៧ឆ្នាំ រស់នៅភូមិឃ្មត់ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០០៦ពាក់ស្លាកលេខ ភ្នំពេញ១R-៨១៩៤។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ឆោម ពិសី អាយុ២១ឆ្នាំ រស់នៅនៅភូមិដំណាក់កន្ទូត ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានស្ត្រីចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០០៦ពាក់ស្លាកលេខ ភ្នំពេញ១R-៨១៩៤លើផ្លូវជាតិលេខ១ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ១CB-៨៣៨៧មកដល់ដែរជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកភាគីម្នាក់ទៀតរងរបួសស្រាល។
ក្រោយមកសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ និងធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងវាស់វែងយកមធ្យោបាយម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន